TOP > ALL > SHOWBIZ > ក្រៅពីជាតារាល្បីក្នុងក្រុមហើយ សមាជិក AKB48 ក៏មានប្រជាប្រិយភាពជាងគេក្នុងការសម្ដែងតាមកញ្ចក់ទូរទស្សន៍ផងដែរ
SHOWBIZ

ក្រៅពីជាតារាល្បីក្នុងក្រុមហើយ សមាជិក AKB48 ក៏មានប្រជាប្រិយភាពជាងគេក្នុងការសម្ដែងតាមកញ្ចក់ទូរទស្សន៍ផងដែរ

ការសម្ដែងនៅតាមកញ្ចក់ទូរទស្សន៍ល្អបំផុតរបស់តារាជនជាតិជប៉ុនដែលទស្សនិកជនចូលចិត្តនោះគឺមានមួយចំនួន។

កាលពីឆ្នាំ2005 ផលិតករតន្ត្រី លោក Yasushi Akimoto បានបង្កើតកម្មវិធីប្រឡងចម្រៀងដ៏ធំមួយ ដើម្បីជ្រើសរើសអ្នកដែលមានសមត្ថភាពមកធ្វើជាតារាប្រចាំក្រុម AKB48 ជំនាន់ទីមួយ​។ កាលពីពេលនោះ មិនសូវមាននរណាគិតថាកម្មវិធីនេះគឺជាចំណុចចាប់ផ្ដើមថ្មីនៅក្នុងប្រវត្តិសាស្ត្រតន្ត្រី

របស់ជប៉ុននោះទេ។ ប៉ុន្តែ រយៈពេល 13 ឆ្នាំក្រោយមក សមាជិកក្រុម AKB48 បានកើនឡើងដល់ទៅជាង​ 100 នាក់ ដែលបានបន្តកែប្រែវិស័យតន្ត្រីនៅក្នុងប្រទេសជប៉ុនឥតឈប់ឈរ ដោយពួកគេបានសម្រេចសមិទ្ធផលជាច្រើន ក្នុងនោះរួមមានទាំងការលក់ឌីសចម្រៀងរបស់ខ្លួនជាង 56 លានឌីសទៀតផង។ ទស្សនាទានរបស់ AKB48 ដែលថា “តារាដែលយើងអាចជួបបាន” បានឆក់យកបេះដូងរបស់អ្នកគាំទ្រជាច្រើននាក់អស់រយៈពេលច្រើនឆ្នាំមកហើយ ហើយនៅតែបន្តទទួលបានការគាំទ្រឥតឈប់ឈរបន្ថែមទៀតពីសំណាក់អ្នកគាំទ្រផងដែរ។

ទោះបីជាយ៉ាងណា ក្រុម AKB48 មានទេពកោសល្យខាងសិល្បៈជាច្រើន។ សមាជិក​មួយចំនួន ក៏បានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ និងភាពយន្តជប៉ុន ហើយអ្នកខ្លះទៀតក៏បានកសាងភាពជោគជ័យលើអាជីពការងារផ្សេងៗ ដូចជាម្ចាស់អាជីវកម្ម ឬតារាបង្ហាញម៉ូតដ៏ល្បីល្បាញផងដែរ។ ដើម្បីកុំឱ្យខាតពេលវេលាយូរ សូមក្រឡេកមើលអាជីពការងាររបស់អតីតសមាជិកក្រុម AKB48

សំខាន់ៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដូចជាការសម្ដែងតាមកញ្ចក់ទូរទស្សន៍ដ៏ល្អបំផុតនាពេលកន្លងមកនេះផងដែរ។

1. អ្នកនាង Atsuko Maeda សម្ដែងក្នុងរឿង Eating Women (食べる女), ឆ្នាំ2018

អ្នកនាង Atsuko Maeda ដែលជាទូទៅត្រូវបានអ្នកគាំទ្រហៅថា “Acchan” បានក្លាយជាសមាជិកក្រុម AKB48 ជំនាន់ទីមួយ នៅក្នុងវ័យ 14 ឆ្នាំ កាលពីឆ្នាំ2005 ហើយអ្នកនាងត្រូវបានគេចាត់ទុកថាជាសមាជិកដែលមានទេពកោសល្យលេចធ្លោជាងគេនៅក្នុងក្រុម។ អាកប្បកិរិយា និងទេពកោសល្យពីធម្មជាតិរបស់នាង ធ្វើឱ្យនាងទទួលបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ និងការគាំ្រទ្រពីសំណាក់អ្នកគាំទ្រ និងសមាជិកក្នុងក្រុម ព្រមទាំងអាចឱ្យនាងជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងការ “បោះឆ្នោតប្រជាប្រិយភាព” ក្នុងក្រុមរយៈពេលជាច្រើនឆ្នាំកន្លងមកនេះផងដែរ។ អ្នកនាង Maeda គឺជាតារានាំមុខគេនៅក្នុងចម្រៀងទោលល្បីៗរបស់ក្រុម ដូចជាបទ “Iiwake Maybe,” បទ “Ponytail to Shushu” និងបទ “Flying Get.”។ នៅពេលដែលនាងស្ថិតក្នុងសមាជិកក្រុម នាងក៏ចាប់ផ្ដើមអាជីពជាតារាសម្ដែងផងដែរ ហើយនាងក៏បានបន្តអាជីពសម្ដែងរបស់នាង បើទោះបីជានាងប្រកាសចាកចេញពីក្រុមរបស់ខ្លួនកាលពីឆ្នាំ2012 យ៉ាងណាក៏ដោយ។ នៅក្នុងរឿង Eating Women នាងសម្ដែងជានារីម្នាក់ដែលមានអាជីពផ្ទាល់ខ្លួន បើទោះបីជានាងមានមិត្តប្រុសដ៏ល្អម្នាក់យ៉ាងណាក៏ដោយ ក៏នាងត្រូវតែចេញទៅធ្វើការដើម្បីបំពេញសេចក្ដីត្រូវការក្នុងជិវីតរបស់នាង។ តួប្រុសដែលត្រូវសម្ដែងជាមួយអ្នកនាង Maeda ក្នុងរឿងនេះ គឺតារាសម្ដែង​លោក Ryo Katsuji គឺត្រូវជាស្វាមីរបស់អ្នកនាង ហើយនេះក៏ជាចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀតក្នុងការទស្សនារឿងនេះផងដែរ។

2. Yuko Oshima សម្ដែងក្នុងរឿង Romance(ロマンス), ឆ្នាំ2015

គូប្រជែងដ៏ស្វិតស្វាញ របស់អ្នកនាង Atsuko Maeda គឺកញ្ញា Yuko Oshima ជាសមាជិកសំខាន់ក្នុងក្រុម AKB48 ម្នាក់ទៀតដែលមានភាពលេចធ្លោនៅក្នុងក្រុមដែលទទួលភាពជោគជ័យធំៗ។ កញ្ញាបានចូលរួមក្នុងក្រុម AKB48 ជាសមាជិកជំនាន់ទីពីរក្នុងឆ្នាំ2016 ហើយមិនយូរប៉ុន្មាននាងក៏បានកសាងភាពល្បីល្បាញរបស់នាងយ៉ាងឆាប់រហ័ស។ កញ្ញាបានជាប់ជាតារាដែលទទួលបានប្រជាប្រិយភាពលំដាប់ទីពីរនៅក្នុងការបោះឆ្នោតប្រជាប្រិយភាពចាប់ពីឆ្នាំ2009 រហូតដល់ឆ្នាំ 2013 ហើយកញ្ញាក៏បានយកឈ្នះអ្នកនាង Maeda ម្ដងផងដែរកាលពីឆ្នាំ2010។​ ភាពល្បីល្បាញនេះ បានជួយឱ្យកញ្ញា Oshima ឈរ​នៅតំណែងកណ្ដាលគេនៅក្នុងអាល់ប៊ុមចម្រៀងដ៏កក្រើករបស់ក្រុមគឺបទ​ “Heavy Rotation” ដែលទទួលការគាំទ្រយ៉ាងពេញទំហឹង។ កញ្ញា Oshima ប្រកាសចាកចេញពីក្រុម AKB48 ក្នុងឆ្នាំ2014 នៅពេលដែលនាងបានកសាងអាជីពសម្ដែងរបស់ខ្លួនបានយ៉ាងល្បីល្បាញគួរឱ្យកត់សម្គាល់។ នៅក្នុងរឿង Romance កញ្ញាបានដើរតួជាបុគ្គលិកបម្រើការក្នុងរថភ្លើង ដែលបានជួបជាមួយបុរសម្នាក់ ដែលបានជួយនាងក្នុងដោះស្រាយបញ្ហាលំបាកៗក្នុងជីវិតផ្ទាល់ខ្លួនមួយចំនួនដែលធ្វើឱ្យនាងពិបាកក្នុងការបន្តដំណើរជីវិតរបស់នាងទៅមុខទៀតបាន។

3. អ្នកនាង Mariko Shinoda សម្ដែងក្នុងរឿង Real Onigokko(リアル鬼ごっこ), ឆ្នាំ2015

អ្នកនាង Mariko Shinoda បានចូលរួមក្នុងក្រុម AKB48 ដោយភ័ព្វសំណាងដ៏វិសេសវិសាលមួយ ហើយនេះគឺជាដំណឹងល្អសម្រាប់អ្នកគាំទ្ររបស់នាងផងដែរ។ បន្ទាប់ពីនាងបានធ្លាក់ការប្រឡងចម្រៀងលើកទីមួយនៅក្នុងឆ្នាំ2015មក នាងបានបម្រើការងារក្រៅម៉ោងនៅក្នុងរោងភាពយន្ត AKB48 ជាកន្លែងដែលជួយឱ្យនាងទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ និងអ្នកស្រឡាញ់ចូលចិត្តនាង។ ដើម្បីបង្ហាញអំពីភាពស្ញប់ស្ញែងចំពោះនាង អ្នកគាំទ្របានចាប់ផ្ដើមសរសេរឈ្មោះរបស់ Shinoda នៅលើសន្លឹកឆ្នោត ហើយដាក់ចូលក្នុងធុងឆ្នោតជ្រើសរើសប្រជាប្រិយភាពប្រចាំសប្ដាហ៍ ដែលធ្វើឱ្យផលិតករ Akimoto មានការចាប់អារម្មណ៍ជាខ្លាំង។ ពេលនោះ លោកបានផ្ដល់ឱកាសឱ្យ Shinoda​​ ជាលើកទីពីរ ហើយនាងបានទទួលយកឱកាសនោះដោយភាពសប្បាយរីករាយ។ បន្ទាប់មក នាងបានក្លាយទៅជាសមាជិកស្នូលរបស់ក្រុម និងក្លាយជាតារាមួយដួងដែលមានប្រជាប្រិយភាពល្បីល្បាញរហូតមកដល់ពេលបច្ចុប្បន្ននេះផងដែរ។ ក្រោយពីនាងបានប្រកាសចាកចេញពីក្រុមក្នុងឆ្នាំ2013មក នាងបានចាប់ផ្ដើមអាជីពជាតារាម៉ូដែល និងជាតារាសម្ដែង ព្រមទាំងបានបង្កើតម៉ាកសម្លៀកបំពាក់ខ្លួនឯងផងដែរ។ នៅក្នុងសាច់រឿងដ៏រន្ធត់ភ័យខ្លាចស្រៀវឆ្អឹងខ្នងដែលមានចំណងជើងថា Real Onigokko យើងទាំងអស់គ្នាបានឃើញច្បាស់លាស់អំពីទេពកោសល្យមួយផ្នែកទៀតដ៏ល្អរបស់នាង Shinoda ​បន្ថែមពីលើជំនាញសម្ដែងដ៏អស្ចារ្យរបស់នាង​ទៀតផង។

4. កញ្ញា Rina Kawaei សម្ដែងក្នុងរឿង For Love’s SAKE(恋のしずく), ឆ្នាំ2018

Rina Kawaei ចាប់ផ្ដើមអាជីពក្នុងក្រុម AKB48​ បានរយៈពេលត្រឹមតែប្រាំឆ្នាំប៉ុណ្ណោះ ចាប់ពីឆ្នាំ2010 ដល់ឆ្នាំ2015 ប៉ុន្តែអាជីពក្នុងរយៈ​ពេលដ៏ខ្លីមួយនេះ បានបើកឱកាសឱ្យនាងចាប់យកអាជីពជាច្រើន ជាពិសេសគឺនៅក្នុងពិភពនៃការសម្ដែងនេះតែម្ដង​។ បច្ចុប្បន្ន នាងគឺជាតារាដែលកំពុងទទួលបានភាពល្បីល្បាញមួយរូបនៅក្នុងប្រទេសជប៉ុន ដែលមានតួនាទីសំខាន់ៗនាំមុខជាច្រើនដែលនឹងត្រូវធ្វើ ទាំងផ្នែកភាពយន្ត និងការសម្ដែងរឿងតាមទូរទស្សន៍ផងដែរ។ នៅក្នុងរឿង For Love’s Sake កញ្ញា Kawaei បានសម្ដែងជាតួអង្គក្មេងស្រីទីក្រុងដែលត្រូវគេបញ្ជូនទៅតំបន់ជនបទនៅក្នុងប្រទេសជប៉ុន ដើម្បីរៀនអំពីរបៀបបិតស្រាប្រចាំប្រទេសរបស់ខ្លួន។ ការងារទាំងនេះ សុទ្ធសឹងតែជាការងារដែលនាងមិនចូលចិត្ត ប៉ុន្ដែនៅពេលដំណើររៀនសូត្ររបស់នាងចាប់ផ្ដើមដោយការមិនពេញចិត្ត នាងបានជួបមនុស្សច្រើន ដែលធ្វើឱ្យនាងចាប់ផ្ដើមស្ញប់ស្ញែងនឹងការងារនេះ។ អ្នកនាង Kawaei ពេញចិត្តចំពោះការសម្ដែងរឿងនោះជាខ្លាំង ហើយសាច់រឿងនេះក៏ជាសាច់រឿងដែលល្បីល្បាញមួយផងដែរក្នុងចំណោមសាច់រឿងរបស់នាងផ្សេងទៀត។

5. កញ្ញា Haruka Nakagawa សម្ដែងក្នុងរឿង The Brat!(くそガキの告白), ឆ្នាំ 2012

កញ្ញា Nakagawa ដែលសព្វថ្ងៃត្រូវបានគេស្គាល់ថាជា “តារាជនជាតិជប៉ុនដែលល្បីល្បាញម្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី” គឺជាអតីតសមាជិកក្រុម AKB48 មួយរូប ហើយអាជីពការងារនេះ បានជួយឱ្យជីវិតរបស់នាងមានភាពល្អប្រសើរជាងមុនផងដែរ។ តារាចម្រៀងរូបនេះ បានចូលរួមក្នុងក្រុម AKB48 ជំនាន់ទី3 កាលពីឆ្នាំ2016 ដែលពេលនោះនាងមានវ័យ 14 ឆ្នាំ ប៉ុន្តែរហូតដល់ឆ្នាំ2012 ទើបនាងត្រូវបានបញ្ជូនទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមក្នុងក្រុម JKT48 ដែលជាក្រុមតារាចម្រៀងស្រីដែលទើបបានបង្កើតថ្មីមួយតាមចំណាប់អារម្មណ៍របស់ Akihabara។ ភាពរួសរាយរាក់ទាក់ វិជ្ជមាន និងឆន្ទៈរបស់ Nakagawa ក្នុងការជួយគាំទ្រសមាជិកក្នុងក្រុមរបស់នាង ក្នុងនាមជាតារារៀមច្បង បានធ្វើឱ្យនាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ក្រោយពីនាងបានប្រកាសចាកចេញពីក្រុមនៅក្នុងឆ្នាំ2016 នាងបានចាប់ផ្ដើមអាជីពជាតារាចម្រៀងទោល និងជាតារាសម្ដែងផងដែរ។ នៅក្នុងរឿង The Brat! កញ្ញាសម្ដែងជាតួអង្គសំខាន់មួយនៅក្នុងសាច់រឿងបែបកំប្លែងយុវវ័យ ផ្អែកលើបទពិសោធន៍របស់អ្នកដឹកនាំរឿងជនជាតិជប៉ុនវ័យក្មេង។

សមាជិកក្រុម AKB48 មិនមែនត្រឹមតែជាតារាប្រចាំប្រទេសនោះទេ តែពួកគេបានបង្ហាញដល់ពិភពលោកថា ពួកគេមានទេពកោសល្យច្រើនយ៉ាង​ និងមានមហិច្ឆតាខ្ពស់។ ហើយនៅពេលដែលយើងបានទស្សនាការសម្ដែងដ៏ល្អបំផុតរបស់ពួកគេហើយ យើងមិនអាចធ្វើអ្វីបានទេ ក្រៅតែពីសម្ដែងក្ដីរំភើបចំពោះអ្វីដែលពួកគេបានបង្ហាញយើង។

រៀបរៀងអត្ថបទដោយកញ្ញា Rose Haneda

RECOMMEND POSTS

ページトップへ