TOP > ALL > LIFESTYLE > សូមចែករំលែកក្ដីស្រឡាញ់នាឱកាសទិវានៃក្ដីស្រឡាញ់នេះ ជាមួយខ្សែភាពយន្តបែបមនោសញ្ចេតនាជប៉ុន ដែលមានប្រជាប្រិយភាពមិនចេះរីងស្ងួតទាំង 5។
LIFESTYLE

សូមចែករំលែកក្ដីស្រឡាញ់នាឱកាសទិវានៃក្ដីស្រឡាញ់នេះ ជាមួយខ្សែភាពយន្តបែបមនោសញ្ចេតនាជប៉ុន ដែលមានប្រជាប្រិយភាពមិនចេះរីងស្ងួតទាំង 5។

ស្នេហាតាមរលកធាតុអាកាស...... និងនៅលើកកញ្ចក់ទូរទស្សន៍របស់លោកអ្នក!

នៅពេលខែកុម្ភៈឈានចូលមកដល់ អ្នកប្រហែលជាបានកត់សម្គាល់ឃើញថាមានការ
តុបតែង តុក្កតាស្អាតៗ ផ្កាកុលាប និងប័ណ្ណជូនពរផ្សេងៗជាច្រើន ហើយរបស់របរបែបរ៉ូមែនទិច ទាំងអស់នេះនឹងបង្ហោះពាសពេញបណ្ដាញសង្គមទាំងមូល ពេលនោះអ្នកប្រាកដជាបានដឹងថា ទិវានៃក្ដីស្រឡាញ់នេះ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។ ខណៈពេលនៅក្នុងពិភពលោកទាំងមូលកំពុងគិតគូរថាតើត្រូវចំណាយពេលយ៉ាងណានៅថ្ងៃទិវានៃក្ដីស្រឡាញ់នេះ ក៏មានប្រទេសជាច្រើនផ្សេងទៀតមានការលាក់បាំងនូវកម្មវីធីដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ឬពីរផងដែរ។ ហើយការធ្វើឱ្យភ្ញាក់ផ្អើលតាមវិធីសាស្ត្របែបបុរាណតាំងពីដើមរៀងមកនោះគឺមានតែប្រទេសជប៉ុនមួយប៉ុណ្ណោះ៖ ក្នុងប្រទេសជប៉ុន នារីៗ ចាប់ផ្ដើមអបអរទិវានេះ ដោយការជូន
កាដូសំខាន់មួយទៅឱ្យអ្នកដទៃ ដូចជា មិត្តរួមការងារ មិត្តភក្តិ និងសាច់ញាតិជាដើម ហើយ
កាដូនោះនោះគឺនំសូកូឡា។

ដើមកំណើតនៃការប្រារព្វទិវានៃក្ដីស្រឡាញ់របស់ប្រទេសជប៉ុននាពេលសព្វថ្ងៃនេះ បានចាប់ផ្ដើមឡើងចាប់តាំងពីឆ្នាំ1936 មកម្ល៉េះ ពោលគឺចាប់តាំងពីពេលដែលក្រុមហ៊ុនស្ករគ្រាប់ដ៏ល្បីល្បាញមួយកន្លែងដែលមានឈ្មោះថា Morozoff បានបោះពុម្ពផ្សាយពាណិជ្ជកម្មនៅក្នុង
ទស្សនាវដ្ដីជាភាសាអង់គ្លេស ដោយបានអញ្ជើញអតិថិជនគ្រប់រូបឱ្យមកជាវនំសូកូឡាដើម្បីជូនមនុស្សជាទីស្រឡាញ់របស់ខ្លួន។ ទម្លាប់អនុវត្តនេះកើតឡើងបន្តិចម្ដងៗ រហូតដល់មាន
ការអនុវត្តទម្លាប់បែបនេះពាសពេញប្រទេសនេះតែម្ដង។ ក្នុងឆ្នាំ1958 ក្រុមហ៊ុនសូកូឡាដែលមានទីតាំងនៅទីក្រុងតូក្យូ បានបើកយុទ្ធនាការ​ “លក់ពិសេសសម្រាប់ឱកាសទិវានៃក្ដីស្រឡាញ់ ដោយបានលើកទឹកចិត្តឱ្យអតិថិជនជាវសូកូឡាសម្រាប់ព្រឹត្តិការណ៍កម្មវិធីនេះ។ យុទ្ធនាការលក់រយៈពេលបីថ្ងៃនេះបានបញ្ចប់ទៅដោយមានភ្ញៀវចូលទិញតិចតួចណាស់ ពោលគឺហាងនេះលក់ដាច់បានតែសូកូឡាចំនួនប្រាំគ្រាប់ និងប័ណ្ណជូនពរចំនួនប្រាំតែប៉ុណ្ណោះ។ ឆ្នាំក្រោយៗមកទៀត ក្រុមហ៊ុនបានខិតខំប្រឹងប្រែងធ្វើឱ្យបានល្អប្រសើរជាមុន ហើយពេលនេះក្រុមហ៊ុនមានយុទ្ធសាស្ត្រច្បាប់លាស់ជាងមុន ដោយផ្ដោតគោលដៅលើនារីៗ (ដែលជាអតិថិជនចម្បងក្នុងពេលនេះ) និងលើកទឹកចិត្តពួកគាត់ឱ្យទិញកាដូបែបផ្អែមល្ហែមជូនមិត្តប្រុសរបស់ពួកគេវិញម្ដង។ ការលក់ក្នុងពេលនោះ ទទួលបានលទ្ធផលល្អប្រសើរជាមុនខ្លាំងណាស់ ហើយក្រុមហ៊ុនស្ករគ្កាប់ផ្សេងៗទៀតបានចាប់ផ្ដើមចម្លងទម្រង់លក់បែបនេះយ៉ាងលឿន ដោយក្រុមហ៊ុននីមួយៗមានសូកូឡាតាមការស្រឡាញ់រៀងៗខ្លួន។

នៅចុងទស្សវត្សរ៍ឆ្នាំ 1970 ទិវានៃក្ដីស្រឡាញ់បានភ្ជាប់ទំនាក់ទំនងជាផ្លូវការជាមួយនឹងនំសូកូឡា ហើយនារីៗជាច្រើនបានទិញស្ករគ្រាប់សូកូឡាជូនបុរសៗដែលនៅជុំវិញខ្លួនរបស់ពួកគេ ដើម្បីបង្ហាញអំពីក្ដីស្រឡាញ់ និងការដឹងគុណរបស់ពួកគេ។ នំ honmei choco (សូកូឡាក្ដីស្រឡាញ់ពិតៗ) សម្រាប់មនុស្សសំខាន់ និង នំ giri choco (នំសូកូឡាសម្រាប់មិត្តធម្មតា) សម្រាប់ជូនមិត្តរូមការងារ និងបុរសៗ ដែលបានជួយគាំទ្រខ្លូន។ ក្នុងពេលថ្មីៗនេះ ទំនោរនេះបានរីករាលដាលដល់រហូតដល់មានការទិញនំ tomo choco (នំសូកូឡាមិត្តភក្តិ) ដែលនារីៗ លេងប្ដូរនំសូកូឡាគ្នាជាមួយមិត្តភក្តិស្រីៗរបស់ពួកគេ ហើយថ្មីនេះទៀតក៏មានការទិញ នំ mai choco (នំសូកូឡារបស់ខ្ញុំ) ឬកាដូសម្រាប់នរណាម្នាក់ផងដែរ។ នៅពេលដែលទម្លាប់នៃការទិញ giri choco បានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលថ្មីៗនេះ ធ្វើឱ្យនំសូកូឡាក្នុងប្រទេសជប៉ុននៅសល់ច្រើនលើសពីតម្រូវការនាថ្ងៃទី14 ខែកុម្ភៈនោះ ហើយមនុស្សមួយចំនួននៅតែបន្តអនុវត្តទម្លាក់បែបនេះតទៅទៀត។

មិនថាអ្នកនៅម្នាក់ឯង ឬមានដៃគូ និងមិនថាអ្នកចាប់អារម្មណ៍ ឬមិនចាប់អារម្មណ៍លើនំសូកូឡា ឬក៏អត់នោះទេ ខ្សែភាពយន្តបែបមនោសញ្ចេតនារបស់ប្រទេសជប៉ុនដែលមានភាពល្បីល្បាញមិនចេះរីងស្ងួតទាំងប្រាំមួយ ខាងក្រោមនេះ នឹងធ្វើឱ្យអ្នកយល់ដឹងយ៉ាងច្បាស់អំពីនិយមន័យពេញលេញនៃទិវានៃក្ដីស្រឡាញ់៖ ក្ដីស្រឡាញ់ និងឆន្ទៈក្នុងការទទួលយក បង្ហាញ និងចែករំលែក។

1. ស្នេហាដំបូងរបស់បងចំពោះអូន( I Give My First Love to You), 僕の初恋をキミに捧ぐ, ឆ្នាំ2009

ជាខ្សែភាពយន្តដែលផលិតឡើងតាមលំនាំរឿងម៉ាំងហ្គាដ៏ល្បីល្បាញ ដែលបាននិពន្ធដោយលោក កូតូមី អូគី (Kotomi Aoki) គឺជាខ្សែភាពយន្តមនោសញ្ចេតនារបស់យុវវ័យមួយគូដែលមិនអាចជួបគ្នាបាន។ តាគូមា (Takuma) និង ម៉ាយូ (Mayu) គឺជាមិត្ភភក្តិនឹងគ្នាតាំងពីវ័យកុមារភាពមកម្ល៉េះ ហើយពួកគេទាំងពីរក៏បានសន្យាថានឹងរៀបការជាមួយគ្នានៅពេលដែលពួកគេមានអាយុ​ 20 ឆ្នាំ។ ប៉ុន្តែជាអកុសល តាគូមា (Takuma) មិនអាចរស់រានមានជីវិតដល់អាយុ 2 ឆ្នាំនោះទេ ដោយសារតែគេមានជំងឺបេះដូង​ប្រចាំកាយ។ នៅពេលដែលពួកគេទាំងពីរបានធំដឹងក្ដី (សេចក្ដីស្នេហារបស់ពួកគេវិវត្តកាន់តែស៊ីជម្រៅខ្លាំងឡើង) ពួកគេបានដឹងថា តាគូមា (Takuma) មិនអាចរស់បានដល់វ័យ 20 ឆ្នាំនោះទេ ដោយសារតែជំងឺបេះដូងរបស់គាត់កាន់តែមានសភាពធ្ងន់ធ្ងរខ្លាំងឡើង ដោយមិនទំនងនឹងអាចរស់នៅបានយូរទៀតនោះទេ។ ដោយសារតែមិនអាចប្រឈមនឹងការពិតបាន តាគូមា (Takuma) បានព្យាយាមគេចមុខពី
ម៉ាយូ (Mayu) ដែលជាមនុស្សម្នាក់ដឹងការពិតគ្រប់យ៉ាងរបស់ តាគូមា (Takuma) ប៉ុន្តែនៅតែមិនបោះបង់គេចោល។ ខ្សែភាពយន្តមនោសញ្ចេតនាពោរពេញដោយទឹកភ្នែកនេះ បានសម្ដែងឡើងដោយតួអង្គពូកែៗ ដែលធ្វើឱ្យខ្សែរឿងបែកបាក់ស្នេហានេះមានភាពសោកសង្រែងជា
ទីបំផុត។

សម្ដែងដោយ៖ កញ្ញា ម៉ៅ អ៊ីនូ (Mao Inoue) លោក ម៉ាសាគី អូកាដា (Masaki Okada) លោក តូរ៉ូ ណាកាមូរ៉ា (Toru Nakamura)
ដឹកនាំសម្ដែង៖លោក តេកេហ៊ីកូ ស៊ីនចូ (Takehiko Shinjo)

2. ថ្ងៃស្អែករបស់បង ជាថ្ងៃម្សិលមិញរបស់អូន (My Tomorrow, Your Yesterday), ぼくは明日、昨日のきみとデートする, ឆ្នាំ2016

ខ្សែភាពយន្តបែបកំណត់ពេលវេលានឹងមានការវិលត្រឡប់ពេលវេលាដ៏ចម្លែកមួយនេះ គឺជាខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រ ដែលរៀបរាប់អំពីសាច់រឿងជីវិតរស់នៅ​ និងសេចក្ដីស្នេហារបស់ តាកាតូស៊ី (Takatoshi) និង​ អេម៉ី (Emi) ដែលអ្នកទាំងពីរមិនដែលស្គាល់គ្នានោះទេពីមុនមក ប៉ុន្តែបានជួបគ្នានៅស្ថានីយ៍រថភ្លើងមួយកន្លែង។ តាកាតូស៊ី (Takatoshi) បានលង់ស្នេហ៍ អេម៉ី (Emi) តាំងតែពីពេលជួបគ្នាដំបូងម្ល៉េះ ហើយបន្ទាប់មកពួកគេក៏បានចាប់ផ្ដើមទំនាក់ទំនងស្នេហាជាមួយគ្នា។ មិនយូរប៉ុន្មាន តាកាតូស៊ី (Takatoshi) បានកត់សម្គាល់ឃើញថា អេម៉ី (Emi) ហាក់បីដូចជាមានឥរិយាបថចម្លែកៗ។ ថ្ងៃមួយ តាកាតូស៊ី (Takatoshi) បានឃើញសៀវភៅកំណត់ហេតុរបស់ អេម៉ី (Emi) ហើយគេក៏បានអានសៀវភៅនោះ ក្រោយពីបានអានរួច ​តាកាតូស៊ី (Takatoshi) មានការងឿយឆ្ងល់ជាច្រើន ប៉ុន្ដែក្ដីស្រឡាញ់របស់លោកចំពោះនាងនៅតែមានដដែល។ ទឹកភ្នែកស្រក់ចុះមកនៅចុងបញ្ចប់នៃសាច់រឿង បាន រម្លឹកដល់យើងថា នៅពេលដែលក្ដីស្នេហាមិនអាចទៅរួច គ្មានអ្វីអាចរារាំងអារម្មណ៍របស់យើងមិនឱ្យគិតអំពីវាបាននោះទេ សូម្បីតែពេលវេលា។

សម្ដែងដោយ៖លោក សូតា ហ្វូគូស៊ី (Sota Fukushi) កញ្ញា ណាណា កូមាស៊ូ (Nana Komatsu ) លោក ម៉ាសាហ៊ីរ៉ូ ហ៊ីហ្កាស៊ីដ (Masahiro Higashide)
លោក តាកាហ៊ីរូ មីគី (Takahiro Miki)

3. កំណត់ហេតុគ្រាប់ខ្សាច់ (Sand Chronicles), 砂時計, ឆ្នាំ2008

ជាថ្មីម្ដងទៀត ពេលវេលាគឺជាមូលបទនៃសាច់រឿងរបស់យើង ប៉ុន្តែខ្សែរឿងទីបីនេះ មានលក្ខណៈ​ខុសពីខ្សែរឿងមុនៗ។ ខ្សែភាពយន្តនេះ គឺនិយាយអំពីដំណើរឆ្ពោះទៅមុខ ការលូតលាស់ ប៉ុន្តែនៅតែមានភាពស្មោះត្រង់ចំពោះគំនិត ក្ដីសុបិន និងអារម្មណ៍របស់យើង។ សាច់រឿងនេះ រៀបរាប់អំពីដំណើរជីវិតរបស់ក្មេងស្រីអាយុ 14 ឆ្នាំ ឈ្មោះថា អាន (Ann) និងម្ដាយរបស់នាងដែលបានប្ដូរទីលំនៅទៅខេត្ត Shimane ដើម្បីរស់នៅជាមួយសាច់ញាតិរបស់ពួកគេ។ ប៉ុន្តែ មិនបានប៉ុន្មានផង ម្ដាយរបស់នាងបានធ្វើអត្តឃាត ហើយបន្សល់ទុកអារម្មណ៍ឯកា យល់ប្រឡំ និងបាត់បង់សម្រាប់ អាន (Ann)។ ក្រោយមក នាងទទួលបានអារម្មណ៍ល្អប្រសើរឡើងវិញនៅពេលដែលនាងបានឃើញសេចក្ដីល្អរបស់មិត្តនាងឈ្មោះថា ដៃហ្គោ (Daigo)។ ពួកគេទាំងពីរបានស្រឡាញ់គ្នា ប៉ុន្តែត្រូវតែពុះពារឧបសគ្គជាច្រើនដើម្បីអាចរស់នៅជាមួយគ្នាបាន ហើយពេលខ្លះពួកគេត្រូវរស់នៅបែកគ្នារយៈពេលជាច្រើនឆ្នាំផងដែរ។

សម្ដែងដោយ៖ កញ្ញា ណៅ ម៉ាស៊ូស៊ីតា (Nao Matsushita ) កញ្ញា កាហូ (Kaho) លោក សូស៊ូកិ អ៊ីកេម៉ាស៊ូ (Sosuke Ikematsu)
ដឹកនាំសម្ដែង៖លោក ស៊ីស៊ូកេ សាតូ (Shinsuke Sato)

រឿង ទេពបុត្រលើរថភ្លើង (Train Man) (電車男) ឆ្នាំ2005

រឿង ទេពបុត្រលើរថភ្លើង (Train Man) ឬជាភាសាជប៉ុនហៅថា Densha Otoko ដែលមានភាព ល្បីល្បាញនៅក្នុងប្រទេសជប៉ុន គឺជារឿងដែលល្បីល្បាញខ្លាំងមិនត្រឹមតែនៅក្នុងប្រវត្តិសាស្រ្តភាពយន្តជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏មានភាពល្បីល្បាញខ្លាំងណាស់ដែរនៅលើប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធបណ្ដាញសង្គម។ វាគឺជាភាពយន្តនាសតវត្សរ៍ទី 21 ដែលទទួលបានភាពជោគជ័យខ្លាំង និងបង្ហាញថាការប្រលោកនៅលើប្រព័ន្ធអ៊ីនធឺណិត ពេលខ្លះអាចនឹងធ្វើឱ្យជីវិតរបស់លោកអ្នកផ្លាស់ប្ដូរកាន់តែល្អប្រសើរឡើង!។
យោងតាមសៀវភៅដែលបានចងក្រងនូវសារឆាតតាមអ៊ីនធឺណិតរវាងបុរសម្នាក់ និងក្រុមអ្នកប្រើប្រាស់នៅលើបណ្ដាញ 2-Channel (ជាកម្មវិធីឆាតដ៏ពេញនិយមនាពេលនោះ) ដែលនិយាយអំពីការតាមដានខ្សែភាពយន្ត “Densha Otoko” អំពីយុវជនម្នាក់ក្នុងវ័យទើបតែជាង 20 ឆ្នាំ បានការពារនារីដីស្រស់ស្អាតឱ្យរួចផុតពីកណ្ដាប់ដៃរបស់បុរសស្រវឹងស្រាម្នាក់នៅលើរថភ្លើង។ បន្ទាប់មក នៅពេលដែលនាងផ្ញើអំណោយកែវទឹកម៉ាក Hermes ចំនួនពីរឱ្យអ្នកក្លាហានដែលបានជួយសង្រ្គោះនាងដើម្បីសម្ដែងការដឹងគុណ ហើយធ្វើឱ្យបុរសនេះតែងតែនឹករលឹកគិតដល់នាងមិនឈប់មិនឈរនោះទេ។ ដោយសារតែគ្មានបទពិសោធន៍រឿងស្នេហាទាល់តែសោះពីមុនមក ទើបកំលោះរូបនេះអរផងភ័យផង ហើយចាប់ផ្ដើមស្នើសុំឱ្យអ្នកប្រើប្រាស់
អ៊ីនធឺណិតជួយប្រាប់អំពីរបៀបតាមញ៉ែនារីម្នាក់នោះ។ ជាលទ្ធផល គាត់បានទទួលសាររាប់រយពីអ្នកប្រើប្រាស់ ដែលគេស្គាល់ថាជា “ជនអនាមិក” នៅលើអ៊ីនធឺណិត ដែលផ្ដល់ការណែនាំអំពីរបៀបញ៉ែស្រី និងសុំណាត់ស្រីដើរលេង។ សាច់រឿងក្រោយមកទៀត គឺរឿងដ៏អស្ចារ្យអំពីរបៀបដែលមនុស្សមិនធ្លាប់ស្គាល់គ្នាទាល់តែសោះអាចលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយបានប្រែក្លាយជាចំណង់មិត្តភាពកាន់តែស្និទ្ធស្នាល ទាំងមិនបានជួបមុខគ្នាផ្ទាល់ទាល់តែសោះនៅក្នុងជីវិតពិត។ និពន្ធដោយ ណាកាណូ ហ៊ិតុរិ (Nakano Hitori) រហស្សនាម និងមានន័យថា “ម្នាក់នៅក្នុងចំណោមពួកគេ” គឺជាសាច់រឿងសប្បាយរីករាយដែលនឹងជួយលើកស្ទួយអ្នក និងធ្វើឱ្យអ្នកជឿជាក់លើស្នេហាម្ដងទៀត។

សម្ដែងដោយ៖សម្ដែងដោយ៖ លោក តាកាយុគិ យ៉ាម៉ាដា (Takayuki Yamada) កញ្ញា មិគិ ណាកាតានី (Miki Nakatani)
ដឹកនាំសម្ដែង៖ លោក ស៊ូសឹកិ ម៉ារ៉ាកាមិ (Shosuke Murakami)

5. ចង់នៅក្បែរអូន (Be with You) いま、会いにゆきます ឆ្នាំ2004

ភាពយន្តនេះ និពន្ធតាមសាច់រឿងរបស់គ្រួសារមួយដែលមានសមាជិកបីនាក់ ដែលមានប្ដីប្រពន្ធជាគូស្នេហ៍វ័យក្មេង និងកូនប្រុសតូចដ៏សប្បាយរីករាយ។ នៅពេលដែលនារីជាម្ដាយវ័យក្មេងឈ្មោះ មិអូ (Mio) បានទទួលមរណភាពដោយសារតែជំងឺអស់រយៈពេលមួយឆ្នាំកន្លងទៅ និងបានបន្សល់ទុកបុរសជាឪពុក ឈ្មោះ តាគុមិ (Takumi) និងកូនប្រុសតូចឈ្មោះ យុជិ (Yuji) ឱ្យរស់នៅសោកសៅដ៏ក្រៀមក្រំតែពីរនាក់ឪពុកកូន ហើយពួកគេតែងតែយំសោកឱបផ្នូររបស់ប្រពន្ធ និងម្ដាយរបស់ពួកគេយ៉ាងអាឡោះអាល័យជាទីបំផុត។ អ្វីដែលធ្វើឱ្យពួកគេនៅតែរឹងមាំជានិច្ចនោះគឺពាក្យសន្យារបស់មិអូ (Mio) ដែលប្រាប់ដល់ពួកគេថានាងនឹងត្រឡប់មកជួបជុំពួកគេវិញនៅឆ្នាំក្រោយ គឺ “នៅដើមរដូវភ្លៀងធ្លាក់”។ ក្ដីសង្ឃឹមគឺពិតជាខ្ពស់ខ្លាំងណាស់ ប៉ុន្តែ
ការរំពឹងទុកវិញគមិនខ្ពស់ដូចក្ដីសង្ឃឹមនោះទេ ចំណុចនេះបង្ហាញត្រង់ចំណុចដែលនៅពេលមួយអ្នកទាំងពីរដើរកាត់ភ្លៀង ហើយមើលឃើញមិអូ (Mio)។ បញ្ហាតែមួយគត់នោះគឺថានាងមិនអាចចងចាំបានឡើយថាតើពួកគេជានរណា។ ដើម្បីធ្វើឱ្យនាងនឹកឃើញរឿងអតីតកាលឡើងវិញ តាគុមិ (Takumi) ចាប់ផ្ដើមនិយាយរឿងជីវិតរបស់ពួកគេប្រាប់ដល់នាង ពោលគឺចាប់ពីពេលដែលគាត់បានស្គាល់នាងជាលើដំបូង និងលង់ស្នេហ៍នាងនៅពេលនោះ។ ប៉ុន្តែចម្ងល់របស់គាត់តែមួយគត់អស់រយៈពេលជាច្រើនឆ្នាំ ហើយសំណួរដែលគាត់តែងតែស្វែងរកចម្លើយមិនឈប់ឈរនោះគឺ ថាតើនៅពេលដែលនាងបានរួមរស់ជាមួយគាត់នៅពេលនោះ នាងមាន សុភមង្គលដែរឬទេ។ ចាប់ផ្ដើមពីចំណុចនេះហើយ នាងមានចម្លើយរបស់នាង ហើយចម្លើយនេះមានប្រាប់នៅក្នុង ភាពយន្តនេះ។

សម្ដែងដោយ៖លោក យុកូ តាកាអឹឈិ កញ្ញា ស៊ិដូ ណាកាមុរ៉ា (Miki Nakatani)
ដឹកនាំសម្ដែង៖លោក ណូបុហ៊ិរ៉ូ ដៃ (Nobuhiro Doi)

6. ទឹកភ្នែកសេ្នហា កណ្ដាលលោកីយ៍ (Crying Out Love, In the Center of the World) 世界の中心で、愛をさけぶ, ឆ្នាំ2004

ជាខ្សែភាពយន្តនិពន្ធតាមសៀវភៅរឿងដែលមានចំណងជើងថា លង់ស្នេហ៍សូក្រាត (Socrates in Love) និពន្ធដោយ គិយូអ៊ិឈិ កាតាយ៉ាម៉ា (Kyoichi Katayama) រឿង ទឹកភ្នែកសេ្នហា នៅកណ្ដាលលោកីយ៍ (Crying Out Love, In the Center of the World) ដែលហៅជាភាសាជប៉ុនថា Sekachu បានទទួលការគាំទ្រយ៉ាងច្រើនលើសលុបនៅក្នុងប្រទេសជប៉ុននៅពេលដែលរឿងនេះបានចេញលក់ និងបានធ្វើឱ្យទស្សនិកជនរាប់ពាន់នាក់ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួននៅក្នុងរោងកុន។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ខ្សែភាពយន្តនេះនៅតែជាប់
ចំណាត់ថ្នាក់ជាខ្សែភាពយន្តមនោសញ្ចេតនាដ៏ល្បីល្បាញដែលមានអ្នកគាំទ្រយ៉ាងច្រើនលើសលុបខ្លាំងបំផុត ហើយមូលហេតុគឺមិនមែនដោយសារតែវាគឺជាសាច់រឿងស្នេហាបែបមនោសញ្ចេតនាគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតតែមួយមុខនោះទេ ប៉ុន្តែក៏ដោយសារតែរឿងនេះមាន
តួសម្ដែងដែលមានទេពកោសល្យខ្ពស់ក្នុងការសម្ដែង និងតួសម្ដែងទាំងអស់ផ្សេងទៀតនៅក្នុងភាពយន្តនេះ ព្រមទាំងដោយសារតែចម្រៀងរបស់តន្រ្តីករ ខេន ហ៊ិរ៉ៃ (Ken Hirai) ដែលមានចំណងជើងជាភាសាជប៉ុនថា Hitomi wo Tojite ដែលជាចម្រៀងល្បីនៅក្នុងខ្សែភាពយន្តនេះ។
ខ្សែភាពយន្តនេះរៀបរាប់អំពីសាច់រឿងរបស់បុរសទើបតែពេញវ័យម្នាក់ គឺ សាគឹ (Saku) ដែលជាតួអង្គមើលទៅហាក់ដូចជាមានភាពល្អប្រសើរជាងមុនក៏ដោយ ប៉ុន្តែជីវិតរបស់គាត់នៅតែជាប់គាំងវិលវល់នឹងរឿងអតីត ដែលតែងតែធ្វើឱ្យគាត់នឹងគិតដល់អតីតសង្សារបស់គាកត់កាលពីក្មេង គឺ អាគិ (Aki)។ ពួកគេទាំងពីររៀននៅវិទ្យាល័យតែមួយ ហើយសាលារៀននោះគឺជាកន្លែងផ្ដើមស្នេហាដ៏ផ្អែមល្ហែមរបស់ពួកគេ ហើយប៉ុន្មានឆ្នាំក្រោយមកទៀត បានប្រែក្លាយជាមានទុកក្ខសោកក្រៀមស្វិតស្រពោនទៅវិញ ពោលគឺនៅពេលដែល អាគិ (Aki) បានដឹងថានឹងមានជំងឺរោគគោលិកាស។ ដោយមិនអាចចូលរួមនៅក្នុងដំណើរការកម្សាន្តរបស់សាលាទៅកាន់ប្រទេសអូស្ត្រាលី ដែលជាកន្លែងនាងហៅថា កណ្ដាលលោកីយ៍ ហើយក្រោយមកសាគឹ (Saku) បានសម្រេចចិត្តនាំនាងទៅទីនោះដោយខ្លួនឯងនោះ ប៉ុន្តែទីបំផុតទៅ ពួកគេទាំងពីរនាក់នៅតែមិនអាចទៅកម្សាន្តនៅទីនោះជាមួយគ្នាដដែល រហូតទាល់តែអស់រយៈពេលជាច្រើនឆ្នាំក្រោយមកទៀត ទើប សាគឹ (Saku) អាចបំពេញក្ដីសុបិនរបស់អាគិ (Aki) បានតាមក្ដីប្រាថ្នា។ ភាពយន្តដែលធ្វើឱ្យទស្សនិកជនហូរទឹកភ្នែកគ្រប់គ្នានេះ នោះគឺជាអតីតកាលដែលមិនអាចបំភ្លេចបានទាល់តែសោះ។

សម្ដែងដោយ៖ តាកាអូ អូសាវ៉ា (Takao Osawa) ម៉ាសាមិ ណាហ្គ៉ាសាវ៉ា (Masami Nagasawa) មិរ៉ៃ ម៉ូរិយ៉ាម៉ា (Mirai Moriyama) កូ សិបាសាគិ (Ko Shibasaki) យូគិ អាម៉ាមិ
(Yuki Amami)
ដឹកនាំសម្ដែង៖ អ៊ិសាអូ យូគិសាដា (Isao Yukisada)

ទោះបីជាខ្សែភាពយន្តមនោសញ្ចេតនាជប៉ុនទាំងអស់ មិនមែនសុទ្ធតែបញ្ចប់ទៅដោយធ្វើឱ្យ
ទស្សនិកជនសោកស្ដាយយ៉ាងក្រៀមក្រំក៏ដោយ រាប់បញ្ចូលទាំងខ្សែភាពយន្តភាគច្រើនដែលបាន​ជាប់ចំណាត់ថ្នាក់ទីប្រាំមួយនៅក្នុងបញ្ជីភាពយន្តរបស់យើងក៏ដោយ ក៏ប៉ុន្តែសេចក្ដីស្នេហ៍ដ៏បរិសុទ្ធ និងគ្មានលក្ខខណ្ឌអ្វីទាំងអស់ ដោយមានរៀបរាប់សាច់រឿងនៅក្នុងភាពយន្តទាំងអស់នេះ បានទទួលភាពជោគជ័យក្នុងការធ្វើឱ្យទស្សនិកជនរាប់លាននាក់ជក់ចិត្តតាមដានមិនដាក់ភ្នែកដោយមិនចង់ងើបពីកៅអីទាល់តែសោះ និងបានជាប់ចំណាត់ថ្នាក់ឈានមុខពីមួយជំនាន់ទៅមួយជំនាន់។ មិនថាលោកអ្នកកំពុងស្ថិតនៅទីណានោះទេ នាឱកាសទិវានៃក្ដីស្រឡាញ់នេះ សូមទស្សនាខ្សែភាពយន្តទាំងនេះដោយរីករាយ និងត្រៀមនំពោត និងក្រដាសជូតទឹកភ្នែកមួយប្រអប់ផង។

រៀបរៀងអត្ថបទដោយ៖ ក្រុមនិពន្ធមហោស្រពភាពយន្តជប៉ុន

RECOMMEND POSTS

ページトップへ