TOP > ALL > ANIMATION > Studio Ghibli តែងតែនាំមកនូវភាពសប្បាយរីករាយមិនចេះរីងស្ងួត
ANIMATION

Studio Ghibli តែងតែនាំមកនូវភាពសប្បាយរីករាយមិនចេះរីងស្ងួត

សូមស្រមៃមើលឈុតនេះមួយ៖ តួឯករបស់យើង ជីរ៉ូ (Jiro) កាលពីនៅវ័យកុមារ បានដើរឆ្លងកាត់លើដំបូលផ្ទះរបស់គាត់យ៉ាងស្ទាត់ជំនាញ សំដៅទៅរកយន្តហោះមួយគ្រឿងដែលមានបំពាក់ទៅដោយស្លាបមួយគូដូចជាស្លាបសត្វបក្សីមួយគូអញ្ចឹងដែរ។ បន្ទាប់ពីបានប្រវេសប្រវាសតោងចូលទៅក្នុងកាប៊ីនបើកបររួច គាត់បានបញ្ឆេះម៉ាស៊ីន ហើយយន្តហោះក៏ចាប់ផ្ដើមហើបចេញពីជើងទម្រ ​និងហោះអណ្តែតទៅលើអាកាសវេហាស៍។ ខណៈពេលដែលយន្តហោះកំពុងហោះឡើងសំឡេងភ្លេងបានបន្លឺឡើង អមជាមួយនឹងសំឡេងមួយដ៏គ្រលួចរណ្ដំចេញពីឧបករណ៍ភ្លេងម៉ង់ដូលីន។ ស្រាប់តែភ្លាមៗនោះ សំឡេងភ្លេងដ៏ស្រទន់នេះបានប្រែក្លាយទៅជាសំឡេងភ្លេងដ៏រន្ធត់ដែលប្រគំចេញពីវង់ភ្លេងដ៏ធំ។ ជីរ៉ូ (Jiro) បានហោះសំកាំងពីលើវាលស្មៅកាត់តំបន់ជនបទនៅជប៉ុនក្រោមពន្លឺព្រះអាទិត្យដ៏ភ្លឺចែងចាំង ហើយគាត់បន្តហោះហើរឆ្លងកាត់ទីក្រុង ដែលពីមួយកន្លែងទៅមួយកន្លែងមានទេសភាពកាន់តែស្រស់ស្អាតជាងមុន។

បន្ទាប់មក អ្វីៗប្រែជាស្ងប់ស្ងាត់។ រំពេចនោះមានយន្តហោះផ្ទុកយន្តហោះចម្បាំងដ៏ធំសម្បើមមួយបានលេចឡើង បិទបាំងពន្លឺព្រះអាទិត្យជិតឈឹង ហាក់បីដូចជាមានសូរ្យគ្រាសអញ្ចឹង។ ឃើញដូចនេះ ជីរ៉ូ (Jiro) ក៏បានបើកយន្តហោះរបស់គាត់ឆ្ពោះសំដៅទៅកាន់យន្តហោះយក្សមួយនោះដើម្បីស៊ើបអង្កេតពីសភាពការណ៍។ ភ្លាមៗនោះ វ៉ែនតាការពារដែលគាត់ពាក់បែរផ្ទុះក្លាយទៅជាវ៉ែនតាកញ្ចក់ក្រាស់មួយគូទៅវិញ ដែលធ្វើឱ្យគាត់មើលមិនច្បាស់ ហើយក៏បាត់បង់ម្ចាស់ការក្នុងការបញ្ជា យន្តហោះរបស់គាត់។ យន្តហោះដ៏ស្រស់ស្អាតរបស់ ជីរ៉ូ (Jiro) បានបុកផ្ទប់យ៉ាងខ្លាំងជាមួយនឹងយានមួយដែលយន្តហោះយក្សនោះកំពុងសណ្ដោង ហើយក៏បានបែកបាក់ខ្ចាត់ខ្ចាយពាសពេញផ្ទៃមេឃ។ គាត់ក៏បានធ្លាក់ពីលើមេឃ ហើយគាត់ក៏បានឈោងដៃស្រវេស្រវ៉ារកអ្នកជួយ។ មួយសន្ទុះក្រោយមក គាត់ក៏បានភ្ញាក់ដឹងខ្លួនពីសុបិនមួយនេះ។

ប៉ុន្មាននាទីដំបូងនៃរឿង The Wind Rises (2013) នេះគឺជាកត្តានាំឱ្យរូបខ្ញុំផ្ទាល់ឈ្លក់វង្វេង លង់ស្នេហ៍ជាមួយនឹងស្នាដៃនិពន្ធរបស់ Studio Ghibli។ សម្រាប់ខ្ញុំ សាច់រឿងមួយឈុតនេះបានបរិយាយយ៉ាងក្បោះក្បាយនូវសមិទ្ធផលស្នាដៃដែល Studio Ghibli សម្រេចបាននៅក្នុងប្រវត្តិសាស្រ្តរយៈពេល 35ឆ្នាំ ក្នុងវិស័យខ្សែភាពយន្ត។ ពិភពលោកដូចសុបិន ដែល Ghibli បានបង្កើតឡើងតែងតែពោរពេញទៅដោយភាពអស្ចារ្យ និងគួរឱ្យស្ញប់ស្ញែងជានិច្ច។ ខណៈនេះផងដែរ ពួកគេមិនភ័យខ្លាចក្នុងការប្រឈមមុខជាមួយនឹងការពិតដ៏គ្រោតគ្រាតរបស់ពិភពលោកខាងក្រៅឡើយ ទោះបីជាត្រូវពលីសោភ័ណភាពដ៏ស្រស់ត្រកាលនៃខ្សែភាពយន្តក៏ដោយ។

អស់រយៈពេលជាង 3 ទសវត្សរ៍កន្លងមកនេះ Ghibli បានបង្ហាញពិភពលោកថា ពួកគេគឺជា
ស្ទូឌីយ៉ូផលិតកម្មគំនូរជីវចលគូរដោយដៃមួយដែលឈានមុខគេលើពិភពលោក។ ទោះបីជាយ៉ាងនេះក្ដី កាលណាគេនិយាយអំពីភាពជោគជ័យរបស់ Ghibli គេមិនអាចមិនលើកឡើងពីបុគ្គលសំខាន់ 2 រូបបានឡើយ គឺលោក អ៊ីសៅ តាកាហាតា (Isao Takahata) និង ហាយៅ មីយ៉ាហ្សាគី (Hayao Miyazaki) ដែលលោក ហាយៅ មីយ៉ាហ្សាគី បានក្លាយជានិមិត្តរូបម៉ាកស្ទូឌីយ៉ូមួយនេះ។

ការចាប់ផ្តើមនៃយុគសម័យ

នៅពេលជួបគ្នាដំបូងក្នុងកំឡុងពេល​ដែលពួកគាត់ធ្វើការក្នុងផលិតកម្មគំនូរជីវចល Toei លោក តាកាហាតា (Takahata) បានបន្តផលិតខ្សែភាពយន្តទីពីរដែលដឹកនាំដោយលោក មីយ៉ាហ្សាគី (Miyazaki) ដែលមានចំណងជើងថា Nausicaa of the Valley of the Wind ក្នុងឆ្នាំ 1984។ ខ្សែភាពយន្ត Nausicaa ដែលទទួលបាននូវការសាទរដ៏ខ្លាំងក្លា សម្រាប់ឈុតឆាក ស៊ើបអង្កេតបែបប្រាកដនិយមទៅលើផលប៉ះពាល់បរិស្ថាន ដែលបង្កឡើងដោយមនុស្សលោក បានកំណត់ចំណុចចាប់ផ្តើមនៃកិច្ចសហការដ៏យូរអង្វែងមួយរវាងអ្នកទាំងពីរ។ កម្រិតនៃភាពលម្អិតទៅលើ រូបភាព ក៏ដូចជាចលនាដ៏រស់រវើកក្នុងខ្សែភាពយន្តរបស់ពួកគាត់ត្រូវបានទទួលការកោតស្ញប់ស្ញែងក្រៃលែង។ ខ្សែភាពយន្តនេះក៏ជាការចាប់ផ្តើមនៃកិច្ចសហការរវាងលោក មីយ៉ាហ្សាគី (Miyazaki) និង អ្នកនិពន្ធភ្លេងដ៏អស្ចារ្យម្នាក់គឺ លោក ចូ ហ៊ីសៃស៊ី (Joe Hisaishi) ដែលបានបន្តនិពន្ធភ្លេងសម្រាប់គ្រប់ខ្សែភាពយន្តទាំងអស់របស់ Studio Ghibli តាំងពីពេលនោះមក។

ដោយសារភាពជោគជ័យផ្នែកហិរញ្ញវត្ថុនៃខ្សែភាពយន្ត Nausicaa លោក មីយ៉ាហ្សាគី (Miyazaki) តាកាហាតា (Takahata) ក្នុងចំណោមមនុស្សផ្សេងទៀត បានសហការបង្កើត Studio Ghibli ក្នុងឆ្នាំ 1985 ដោយឈរលើមូលដ្ឋានដែលពួកគេនឹងនៅតែបន្តស្មោះស្ម័គ្រចំពោះសិល្បៈគំនូរជីវចលគូរដោយដៃ។ Studio Ghibli ចាប់ផ្តើមល្បីរន្ទឺពាសពេញទីផ្សារក្នុងស្រុកក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1980 រហូតដល់ទសវត្សរ៍ឆ្នាំ 1990។ ខ្សែភាពយន្តដូចជា Laputa: Castle in the Sky (ឆ្នាំ1986) Kiki’s Delivery Service (ឆ្នាំ1989) និង ខ្សែភាពយន្ត Porco Rosso (ឆ្នាំ1992) ទទួលបាននូវការអបអរសាទរ ក៏ដូចជារកចំណូលបានច្រើនលើសពីការរំពឹងទុក។ ជាលទ្ធផល ស្ទូឌីយ៉ូ តូចមួយនេះបានចាប់ផ្តើមទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកទាំងមូល។

កិច្ចព្រមព្រៀងឱ្យចែកចាយជាមួយក្រុមហ៊ុន Disney នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ 1990 បានណែនាំទស្សនិកជននៅបស្ចិមប្រទេសងាកមកចាប់អារម្មណ៍លើខ្សែភាពយន្តជប៉ុនប្រភេទនេះ។ ចំណុចដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ ខ្សែភាពយន្ត Princess Mononoke (ឆ្នាំ 1997) គឺជាខ្សែភាពយន្តរបស់ Studio Ghibli ដំបូងបំផុតដែលបានចាក់បញ្ចាំងនៅក្នុងសហរដ្ឋអាមេរិច។ មិនយូរប៉ុន្មាន Studio Ghibli បានចាក់គ្រឹះយ៉ាងរឹងមាំក្នុងវិស័យខ្សែភាពយន្តគំនូរជីវចល។

ភាពជោគជ័យរបស់ Studio Ghibli ឡើងទៅដល់ចំណុចកំពូលជាមួយនឹងខ្សែភាពយន្តបែបវីរកថាស្រមើស្រមៃប្រចាំឆ្នាំ2001 ដែលមានចំណងជើងថា Spirited Away ដែលបានក្លាយជា និងនៅតែជាខ្សែភាពយន្តដែលទទួលបានចំណូលច្រើនបំផុតដែលបានចាក់បញ្ចាំងនៅក្នុងប្រទេសជប៉ុន និង ខ្សែភាពយន្តជប៉ុនតែមួយគត់ដែលបានឈ្នះពានរង្វាន់សម្រាប់ខ្សែភាពយន្តគំនួរជីវចលល្អផ្ដាច់គេបំផុត។ ខ្សែភាពយន្ត Spirited Away នេះបានផ្តល់ជូនច្រកសម្រាប់ទស្សនិកជនក្មេងៗជំនាន់ថ្មី។

ទោះជាយ៉ាងនេះក្តី ខ្សែភាពយន្តរបស់ Ghibli មានគុណភាពម្យ៉ាងដែលមិនចេះសាបសូន្យ ដែលអាចផ្គាប់ចិត្តទស្សនិកជនគ្រប់វ័យ។ ចំណុចដែលគួរឱ្យកត់សម្គាល់ជាងបំផុតគេនោះគឺខ្សែភាពយន្ត ទាំងនោះ មាននូវសមត្ថភាពដែលអាចរំឭកអនុស្សាវរីយ៍ មនោសញ្ចេតនា និងអ្វីដែលពិសេសជាងគេបំផុតនោះគឺ អារម្មណ៍ចង់ចេះចង់ដឹងដូចជាកូនក្មេង ដែលបានបង្ហាញឱ្យឃើញយ៉ាងច្បាស់តាម
រយៈតួអង្គនៃខ្សែភាពយន្តទាំងនោះ។

សុបិននៃផ្ទៃមេឃ និងការហោះហើរ

នៅក្នុងខ្សែភាពយន្តរបស់លោក មីយ៉ាហ្សាគី (Miyazaki) តួឯកវ័យក្មេងតែងតែសម្លឹងមើលទៅលើផ្ទៃមេឃពោរពេញទៅដោយភាពស្ញប់ស្ញែង។ ជាក់ស្តែងដូចក្នុងខ្សែភាពយន្ត តួអង្គរបស់គាត់បានធ្វើឱ្យភាពស្ញប់ស្ញែងនេះទៅជាការពិតតាមរយៈការហោះហើរ។

ឪពុករបស់លោក មីយ៉ាហ្សាគី (Miyazaki) បើកក្រុមហ៊ុនផលិតគ្រឿងបន្លាស់យន្តហោះចម្បាំងជប៉ុនក្នុងសង្គ្រាមលោកលើកទី 2។ ភិរុទ្ធភាពរបស់លោក មីយ៉ាហ្សាគី (Miyazaki) ចំពោះការទទួលផលចំណេញពីសង្គ្រាមត្រូវបានបង្ហាញនៅក្នុងគំនិតសន្តិភាពនិយមរបស់គាត់។ នៅក្រោមទស្សនៈដដែលនេះ គាត់បានទាក់ចិត្តទៅលើវិស័យអាកាសចរណ៍ ​និងយន្តហោះដែលជាកត្តាជំរុញសំខាន់មួយដែលលេចមានឡើងស្ទើតែគ្រប់ខ្សែភាពយន្តរបស់គាត់។ ដូចជាការឆ្លុះបញ្ចាំងអំពីខ្លួនគាត់
តួអង្គរបស់គាត់ទទួលបានសេចក្តីរីករាយរាល់ពេលដែលពួកគេនៅលើអាកាស។ យន្តហោះនៅក្នុងខ្សែភាពយន្តរបស់ Ghibli មានភាពសមសួន ស្អាតបាត ឆ្លុះបញ្ចាំងអំពីភាពថ្លៃថ្នូរ។ ផ្ទុយទៅវិញយន្តហោះចម្បាំង ត្រូវបានពណ៌នាជាបាឡុងយក្សធំសំពីងសំពោង ពណ៌ស្រអាប់ ប្រៀបដូចជាស្នាមជាំនៅលើទេសភាពដ៏ល្អឥតខ្ចោះមួយ។ សម្ពាធរវាងសោភ័ណភាព និងភាពមិនបរិសុទ្ធ គឺជាសាច់រឿងទូទៅក្នុងស្នាដៃនិពន្ធរបស់ Ghibli។ ជានិច្ចកាល សម្ពាធនេះគឺបានដកស្រង់ចេញពីបទពិសោធន៍របស់ផលិតករផ្ទាល់តែម្ដង។

សម្រាប់លោក តាកាហាតា (Takahata) បទពិសោធន៍របស់គាត់ដែលបានរស់នៅឆ្លងកាត់សង្គ្រាមលោកលើកទី 2 ត្រូវបានឆ្លុះបញ្ចាំងយ៉ាងលម្អិតនៅក្នុងស្នាដៃដ៏ល្អឯករបស់គាត់ គឺខ្សែភាពយន្តដែលមានចំណងជើងថា Grave of the Fireflies (ឆ្នាំ1988)។ ទោះបីជាខ្សែភាពយន្តនេះផ្តោតទៅលើប្រវត្តិជូរចត់ផ្ទាល់ខ្លួនរបស់តួអង្គក្តី តែការឈឺចាប់របស់តួអង្គ សីតា (Seita) និង សេដសឺកុ (Setsuko) បានធូរស្រាលមកវិញដោយឈុតឆាកបង្ហាញពីពេលវេលាធូរស្រាល ក្តីសង្ឃឹម និង
ភាពស្ញប់ស្ញែង។ មរណភាពរបស់ពួកគេនៅក្នុងសម័យកាលដ៏អាក្រក់បំផុតនេះ បានបង្ហាញអំពីការរំលោភបំពានទៅលើកុមារនៅក្នុងសម័យសង្គ្រាម។

ពាក់ព័ន្ធនឹងយន្តហោះ លោក មីយ៉ាហ្សាគី (Miyazaki) បានបង្ហាញយន្តហោះក្នុងលក្ខណៈជាស្នាដៃស្នាដៃសិល្បៈ ក៏ដូចជា ឧបករណ៍ធ្វើសឹកសង្គ្រាម ដែលជានិច្ចកាល លក្ខណៈទាំងពីរនេះត្រូវបានដើរទន្ទឹមគ្នា។ ដូចលោក ជីអូវ៉ានី កាប្រូនី (Giovanni Caproni)​ បានពណ៌នាក្នុងខ្សែភាពយន្ត The Wind Rises “សុបិននៃការហោះហើរគឺជាបណ្តាសា”។ ជាចុងក្រោយ ស្នាដៃសិល្បៈ របស់តួអង្គ
កាប្រូនី (Caproni) និង ជីរ៉ូ (Jiro) ត្រូវបានប្រើប្រាស់ជាអាវុធប្រល័យលោក ធ្វើឱ្យផ្ទុយពីសុបិនរបស់ពួកគេទៅវិញ។ តួអង្គដូចជា ជីរ៉ូ (Jiro) រមែងតែងតែនៅក្នុងសភាពស្ទាក់ស្ទើរមិនអាចអាកាត់ដោយខ្លួនឯងបាន។ ប្រហែលជានៅក្នុងឈុតឆាកបែបនេះហើយ ដែលលោក មីយ៉ាហ្សាគី (Miyazaki) ចង់បង្ហាញព្រំដែនរវាងការស្រមើលស្រមៃ និងការពិតជាក់ស្ដែង។ យើងបានឃើញច្បាស់ហើយថា អន្តរកាលគឺជាដំណើររឿងទូទៅដែលតែងតែឆ្លុះបញ្ចាំងនៅក្នុងខ្សែភាពយន្តរបស់លោក។

កត្តាទាក់ទាញជាសកលនៃទស្សនិកជនពេញវ័យ

នៅក្នុងខ្សែភាពយន្ត Kiki’s Delivery Service គីគី (Kiki) បានឆ្លងកាត់ពិធីបុណ្យឆ្លងជាច្រើនដំណាក់កាលដើម្បីក្លាយខ្លួនទៅជាមេធ្មប់ឯករាជ្យម្នាក់។ ជាដំបូង នាងបានតស៊ូ ពុះពារទាំងលំបាកដើម្បីរស់នៅក្នុងទីក្រុងធំមួយដោយគ្មានការណែនាំពីសំណាក់ឪពុកម្តាយរបស់នាង។ លើសពីនេះ ទៅទៀត នាងមិនអាចបែងចែកលក្ខណៈខុសគ្នារវាងការអនុវត្តសិល្ប៍ធ្មប់បែបប្រពៃណី និង សិល្ប៍បែបសហសម័យបានទេ។ ហើយនៅក្នុងខ្សែភាពយន្ត Princess Mononoke អាស៊ីតាកា (Ashitaka) ត្រូវបានជាប់ខ្លួននៅចំកណ្តាលនៃសង្រ្គាមរវាងបក្ខពួកធ្វើសង្គ្រាមពីក្រុម ហើយព្យាយាមចរចារសុំសន្តិភាពដោយមិនទទួលបានលទ្ធផលអ្វីទាល់តែសោះ។ នៅក្នុងខ្សែភាពយន្ត Spirited Away ឈីហ៊ីរ៉ូ (Chihiro) បានជាប់ឃុំក្នុងសភាពរវាងការរស់ និងការស្លាប់។ ជួនគ្នានេះដែរ ដំណើរជីវិតរបស់នាងត្រូវបានចាប់ផ្តើមនៅក្នុងកំឡុងពេលដែលគ្រួសាររបស់នាងផ្លាស់ប្តូរទីលំនៅ ដែលវាជាអន្តរកាលដ៏សំខាន់មួយនៅក្នុងវ័យកុមារភាព។

យើងម្នាក់ៗជានិច្ចកាលតែងតែមានអារម្មណ៍ថា យើងកំពុងស្ថិតនៅក្នុងអន្តរកាលនៅដំណាក់កាលនីមួយៗនៃជីវិតរបស់យើង ដែលអាចជាការធ្វើដំណើរទៅប្រទេសផ្សេង ឬការរកការងារបានជាលើកដំបូង។ ការផ្លាស់ប្តូរ គឺជាកត្តាចម្បងមួយដែលជីវិតរបស់យើងម្នាក់ៗតែងតែជួបប្រទះ ក៏ដូចជាក្នុងជីវិតនៃតួអង្គក្នុងខ្សែភាពយន្តរបស់ Studio Ghibli ផងដែរ។ ប្រហែលជាមូលហេតុនេះហើយដែលធ្វើឱ្យយើងអាចមើលឃើញច្បាស់ពីគំនិតផ្ទាល់ខ្លួនដ៏ប្រទាញប្រទង់របស់ពួកគេ។

របៀបដែលលោក តាកាហាតា (Takahata) និង មីយ៉ាហ្សាគី (Miyazaki) ទាញការចងចាំរបស់ពួកគេដើម្បីបង្កើតជាដំណើររឿងដែលមានភាពស្និទ្ធស្នាល ប៉ុន្តែនៅតែមានភាពជាសកល។ គោលបំណងសំខាន់របស់ Studio Ghibli គឺដើម្បីឆ្លុះបញ្ចាំងឱ្យឃើញអំពីកំហុស និងការឈឺចាប់ពីកុមារភាព ប៉ុន្តែជាមួយគ្នានេះផងដែរ ក៏បានបង្ហាញពីពេលវេលាដ៏គួរឱ្យស្ញប់ស្ញែង ដែលជួយសម្រាលដល់ការតស៊ូ ពុះពាររបស់យើង។
បែរមកមើលនៅឈុតដំបូងនៃរឿងខាងលើវិញ ដូចសុបិនរបស់ ជីរ៉ូ (Jiro) អញ្ចឹង យើងទាំងអស់គ្នាមិនអាចរំពឹងថាជីវិតរបស់យើងគឺល្អឥតខ្ចោះនោះឡើយ។ អ្វីដែលគួរឱ្យអស្ចារ្យនោះគឺ ដូចដែលខ្សែភាពយន្តរបស់ Studio Ghibli បានឆ្លុះបញ្ចាំង​ឱ្យយើងបានឃើញអញ្ចឹង ទុក្ខលំបាកដែលយើងកំពុងប្រឈមក្នុងជីវិតពិតរបស់យើង ធ្វើឱ្យពេលវេលាពោរពេញដោយសោភ័ណភាពដ៏ខ្លីនោះ កាន់តែអស្ចារ្យបន្ថែមទៀត។

អត្ថបទដោយ ឆាលី ឈ័រ​ (Charlie Chua)

RECOMMEND POSTS

ページトップへ