TOP > ALL > GENERAL > មូលហេតុដែលពិភពលោកមិនទាន់បានដឹងអស់អំពីស្នាដៃរបស់លោក ហិរ៉ូកាហ្សឹ កូរិអ៊ិដា (Hirokazu Kore-eda)
GENERAL

មូលហេតុដែលពិភពលោកមិនទាន់បានដឹងអស់អំពីស្នាដៃរបស់លោក ហិរ៉ូកាហ្សឹ កូរិអ៊ិដា (Hirokazu Kore-eda)

ចំណងទាក់ទងក្នុងគ្រួសារ សហគមន៍មើលមិនឃើញ និងសិល្បៈមិនទាន់មានភាពល្បីល្បាញគឺគ្រាន់តែជាស្នាដៃខ្លះៗរបស់លោកតែប៉ុណ្ណោះ

ប្រសិនបើយើងក្រលេកមើលឆ្នាំកន្លងទៅនេះ យើងអាចនិយាយបានថាឆ្នាំ2018 គឺជាឆ្នាំនៃព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រវិស័យខ្សែភាពយន្តជប៉ុន។ បុគ្គលល្បីឈ្មោះអស្ចារ្យដែលបានទទួលមរណភាពក្នុងពេលកន្លងទៅនេះ ដូចជា លោកស្រី គិរីន គិគិ (Kirin Kiki) និង និងលោកស្រី ហារុអិអាកាហ្គិ (Harue Akagi) បានបន្សល់ទុកនូវស្នាដៃដ៏ព្រឺព្រួចរន្ធត់អស្ចារ្យនៅក្នុងវិស័យភាពយន្តជប៉ុនជាច្រើន។ ទិដ្ឋភាពមួយទៀតគឺ នៅលើផ្ទាំងក្រណាត់ធំ មានបញ្ចាំងចំណងជើងខ្សែភាពយន្តជោគជ័យដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តវិស័យភាពយន្ត ដូចជា សាច់រឿងស៊ីនដឺរីឡានៃរឿងឈុតមរណៈ (One Cut of the Dead) ដែលជារឿងខ្មោចហ្សូមប៊ីបានផលិតឡើងដោយចំណាយថវិកាតិចបំផុត និងទទួលបានភាពជោគជ័យខ្លាំងហួសពីការស្មាន ខ្សែភាពយន្តសត្វចម្លែកយក្ស Godzilla បែបគំនូរជីវចល 3D ចំនួនពីររឿងបានដាក់បញ្ចាំង (រឿង Godzilla៖ សមរភូមិនៅទីក្រុង (Godzilla: City on the Edge of Battle) និង រឿង Godzilla៖ សត្វចម្លែកស៊ីផែនដី (Godzilla: The Planet Eater)) និង រឿង លេខកូដពណ៌ខៀវ (Code Blue) ដែលរកចំណូលបានជាង 9.22 ពាន់លានយ៉េន និងជាប់ចំណាត់ថ្នាក់លេខ 1 ជា ភាពយន្តបញ្ចាំងនៅក្នុងរោងកុនដែលរកចំណូលបានខ្ពស់ជាងគេបំផុត។

ទោះជាយ៉ាងណាក៏ដោយ រឿងពិតដែលមិនអាចបដិសេធន៍បាននៅពេលសារព័ត៌មានក្នុងស្រុកជប៉ុន និងអន្តរជាតិចាប់ផ្ដើមចុះផ្សព្វផ្សាយយ៉ាងភ្លុកទឹកភ្លុកដីខ្លាំងបំផុតនៅក្នុងវិស័យភាពយន្តជប៉ុន គឺកើតឡើងនៅក្នុងខែមីនា ពោលគឺនៅពេលដែលអ្នកដឹកនាំរឿង លោក ហិរ៉ូកាហ្សឹ កូរិអ៊ិដា (Hirokazu Kore-eda) ឈ្នះពានរង្វាន់ Palme d’Or ឆ្នាំ2018 ដែលជាពានរង្វាន់ដ៏ល្បីល្បាញបំផុតរបស់កម្មវិធីពានរង្វាន ខ្សែភាពយន្តឃែនស៍ ដែលលោកបានឈ្នះតាមរយៈភាពយន្តមួយរឿងដែលមានចំណងជើងថា ចោរលួចទំនិញក្នុងហាង (Shoplifters) (Manbiki Kazoku)។ ព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនេះមិនត្រឹមតែធ្វើឱ្យក្រសែភ្នែកពិភពលោកងាកមកចាប់អារម្មណ៍ខ្លាំងចំពោះខ្សែភាពយន្តជប៉ុន ដែលប្រហែលជាមានចាប់តាំងពីជំនាន់លោក អាគិរ៉ា គុរ៉ូសាវ៉ា (Akira Kurosawa) ដែលមិនធ្លាប់មានពីមុនមកនោះទេ ប៉ុន្តែក៏បានបំផុសនូវរឿងដែលគេបាននិយាយតៗគ្នាអស់រយៈពេលជាយូរថា ភាពយន្តរបស់លោក កូរិអ៊ិដា ទទួលបានភាពជោគជ័យយ៉ាងលេចធ្លោខ្លាំងគឺដោយសារតែភាពយន្តទាំងនោះបានផ្សារភ្ជាប់ជាមួយនឹងអារម្មណ៍របស់ទស្សនិកជនដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រយ៉ាងច្រើន

តាមរយៈការឆ្លុះបញ្ចាំងអំពីខ្សែជីវិតពិតផ្សេងៗគ្នារបស់មនុស្សនៅក្នុងសង្គមពិតៗ ប៉ុន្តែសួរថា តើអ្វីខ្លះគឺជាចំណុចដែលធ្វើឱ្យគេចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះស្នាដៃដ៏អស្ចារ្យ របស់លោក កូរិអ៊ិដា ហើយតើហេតុអ្វីបានជាយើងនៅតែបន្តជក់ចិត្តចង់តាមដានសាច់រឿងរបស់គាត់យ៉ាងដូច្នេះ? តើដោយសារតែចម្ងល់ជាប់រហូតរបស់គាត់ “តើមានអ្វី” នៅក្នុងការងាររបស់គាត់? ឬក៏ជាការខិតខំប្រឹងប្រែងឥតឈប់ឈររបស់គាត់ដើម្បីបង្ហាញដល់យើងអំពីទិដ្ឋភាពមួយរបស់ជប៉ុន ដែលគ្មាននរណាម្នាក់ហ៊ានលើកឡើងមែនទេ? បើមិនដូច្នោះទេ តើនោះគឺជាការព្យាយាមមិនចេះបោះបង់របស់គាត់ដើម្បីបង្ហាញឱ្យយើងមើលឃើញនូវការពិតដែលថា ពេលធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយឧបសគ្គ ភាសា និងវប្បធម៌ យើងទាំងអស់គ្នាសុទ្ធតែមានបញ្ហាក្នុងជីវិត និងអារម្មណ៍ក្នុងនាមជាមនុស្សជាតិដូចៗគ្នាមែនទេ? មិនថាការយល់ឃើញផ្ទាល់ខ្លួនរបស់អ្នកយ៉ាងណានោះទេ ការពិតគឺថានៅក្នុងជីវិតការងាររបស់លោក កូរិអ៊ិដា គាត់បានបន្តទំលាយការពិតមួយចំនួនដែលធ្វើឱ្យភាពយន្ត របស់គាត់ល្បីល្បាញខ្លាំងដូចគុណតម្លៃរបស់សាច់រឿងដែរ។ ចំណងទាក់ទងក្នុងគ្រួសារ សហគមន៍មើលមិនឃើញ និងសិល្បៈមិនទាន់មានភាពល្បីល្បាញគឺគ្រាន់តែជាស្នាដៃខ្លះៗរបស់លោកតែប៉ុណ្ណោះ។

តើគ្រួសារ កើតឡើងពីអ្វីខ្លះ?

ចំណុចចាប់ផ្ដើមនៅក្នុងភាគយន្តភាគច្រើនរបស់លោក កូរិអ៊ិដា គឺគ្រួសារ ដែលមានឈុតឆាកមួយឆ្លុះបញ្ចាំងអំពីខ្សែជីវិតរបស់ប្រជាជនសាមញ្ញ។ ឈុតឆាកភាគច្រើន អ្នកមិនអាចមើលឃើញសកម្មភាពពិតឡើយ ពោលគឺមិនមានសំឡេងខ្លាំង បច្ចេកទេសតន្រ្តីពិសេស ឬការផ្លាស់ប្ដូរប្លង់
លឿនៗដូចជាភាពយន្តជប៉ុនភាគច្រើនផ្សេងទៀតដែរ។ ជំនួសមកវិញ យើងត្រូវបានអញ្ជើញឱ្យទៅទស្សនា​ ជាមួយនឹងក្រុមគ្រួសារ ដោយសារតែឈុតឆាកនៅក្នុងភាពយន្តបង្ហាញអំពីខ្សែជីវិតឆ្លងកាត់ការលំបាកធម្មតានៅក្នុងជីវិត អារម្មណ៍មនោសញ្ចេតនា និងព្រឹត្តិការណ៍សំខាន់ៗដែលមនុស្សធម្មតាជួបប្រទះ។

ចំណុចចាប់ផ្ដើមនៅក្នុងភាគយន្តភាគច្រើនរបស់លោក កូរិអ៊ិដា គឺគ្រួសារ ដែលមានឈុតឆាកមួយឆ្លុះបញ្ចាំងអំពីខ្សែជីវិតរបស់ប្រជាជនសាមញ្ញ។ ឈុតឆាកភាគច្រើន អ្នកមិនអាចមើលឃើញសកម្មភាពពិតឡើយ ពោលគឺមិនមានសំឡេងខ្លាំង បច្ចេកទេសតន្រ្តីពិសេស ឬការផ្លាស់ប្ដូរប្លង់
លឿនៗដូចជាភាពយន្តជប៉ុនភាគច្រើនផ្សេងទៀតដែរ។ ជំនួសមកវិញ យើងត្រូវបានអញ្ជើញឱ្យទៅទស្សនា​ ជាមួយនឹងក្រុមគ្រួសារ ដោយសារតែឈុតឆាកនៅក្នុងភាពយន្តបង្ហាញអំពីខ្សែជីវិតឆ្លងកាត់ការលំបាកធម្មតានៅក្នុងជីវិត អារម្មណ៍មនោសញ្ចេតនា និងព្រឹត្តិការណ៍សំខាន់ៗដែលមនុស្សធម្មតាជួបប្រទះ។

ឧទាហរណ៍ នៅក្នុងរឿង ប្អូនស្រីតូចរបស់យើង (Our Little Sister) (Umimachi diary) យើងទាំងអស់គ្នាបានជក់ចិត្តតាមដាននឹងខ្សែជីវិតរបស់ក្មេងស្រីពេញវ័យបីនាក់ ដែលបានធំដឹងក្ដីជាមួយគ្នាដូចមនុស្សធម្មតាដែរនៅក្នុងផ្ទះដ៏ធំមួយ ត្រូវបានបោះបង់ដោយឪពុកម្ដាយមួយគូដែលបានលែងលះគ្នា និងព្រាត់ប្រាសគ្នា។ សាច់រឿងនេះចាប់ផ្ដើមពីឈុតពិធីបុណ្យសពរបស់ឪពុកក្មេងស្រីទាំងបី ដែលពួកគេខានបានជួបមុខអស់រយៈពេលជាង 15 ឆ្នាំមកហើយ និងជាមនុស្សប្រុសដែលពួកគេបានស្ដីបន្ទោសថាជាដើមហេតុធ្វើឱ្យគ្រួសាររបស់ពួកគេព្រាត់ប្រាសបែកបាក់គ្នា។ ឪពុករបស់ពួកគេបានស្រឡាញ់ស្រីម្នាក់ផ្សេងទៀត និងបានទៅរស់នៅជាមួយនឹងស្រីម្នាក់នោះដោយទុកឱ្យពួកគេកំព្រាគ្មានឪពុក។ នាឱកាសពិធីបុណ្យសពនោះ បងប្អូនស្រីទាំងបីនេះបានជួបជាមួយនឹង​ប្អូនស្រីចុងរបស់ពួកគេ ឈ្មោះ ស៊ូហ្ស៊ូ (Suzu) មានអាយុ 15 ឆ្នាំ ដែលជាកូនរបស់ឪពុកពួកគេជាមួយនឹងម្ដាយចុង។ រឿងនេះចាប់ផ្ដើមចូលដល់សាច់រឿងស៊ីជម្រៅនៅពេលដែលស៊ូហ្ស៊ូ (Suzu) ចូលទៅរស់នៅជាមួយនឹងពួកបងស្រីរបស់នាង ហើយបងប្អូនស្រីទាំងបួននាក់នេះបានចាប់ផ្ដើមខ្សែជីវិតថ្មីដោយរស់នៅជាគ្រួសារតែមួយ ដែលពួកគេម្នាក់ៗសុទ្ធតែឆ្លងកាត់បញ្ហាជីវិត ការងឿងឆ្ងល់ និងការរឹតត្បិតរៀងៗខ្លួន។មរយៈរឿងតាំងពីដើមរហូតដល់ចប់ ឈុតឆាកសាច់រឿងនីមួយៗបានឆ្លុះបញ្ចាំងតាមរូបភាពផ្សេងៗ​គ្នានូវគោលគំនិតនៃអត្ថន័យពិតដែលបង្កើតបានជាគ្រួសារពិតប្រាកដមួយ។ តួអង្គម្ដាយនៅក្នុងរឿងនេះគឺមិនបានបំពេញតួនាទីជាម្ដាយពិតប្រាកដនោះទេ (ពោលគឺបន្ទាប់ពីស្វាមីរបស់នាងបានក្បត់ចិត្តនាងលួចមានស្រីថ្មីមក នាងក៏បានចាកចេញពីទីក្រុងដែលគ្រួសាររបស់នាងរស់នៅទៅកាន់ហុកកៃដូ ដែលមានន័យថានាងក៏បានបោះបង់ចោលកូនស្រីទាំងបីរបស់នាងដែរ) ប៉ុន្តែ សាឈី (Sachi) ដែលជាបងស្រីច្បងបង្អស់បានបំពេញតួនាទីជាម្ដាយជំនួសទៅវិញ។ ខ្លឹមសារស្នូលនៅក្នុងរឿងគ្រួសារ “មានសុភមង្គលមួយ” ដែលតែងតែមានឪពុកម្ដាយដើរតួជាអ្នកទទួលខុសត្រូវចំពោះអនាគតកូនៗដែលជារឿងធម្មតាសម្រាប់គ្រួសារនីមួយៗ បានក្លាយជាចំណោទបញ្ហានៅក្នុងជីវិតរបស់ពួកក្មេងស្រីទាំងបីនាក់នេះទៅវិញ។ លើសពីនេះទៅទៀត ភាគយន្តជាច្រើនរបស់លោក កូរិអ៊ិដា បន្ទាប់ពីបានទស្សនារួច តែងតែធ្វើឱ្យទស្សនិកជនមានសំណួរនៅដក់ជាប់នៅក្នុងអារម្មណ៍ជានិច្ច ថាតើចំណងទាក់ទងក្នុងគ្រួសារមួយកើតឡើងដោយសារតែសាច់ឈាម ឬដោយក្ដីស្រឡាញ់? តាមរយៈខ្សែភាពយន្តនេះ យើងអាចមើលឃើញយ៉ាងច្បាស់លាស់ថាទំនាក់ទំនងសាច់ឈាមគឺមានអត្ថន័យតិចតួចខ្លាំងណាស់សម្រាប់លោក កូរិ អ៊ិដា និងលក្ខណៈចរិតរបស់គាត់។

រឿង ចោរលួចទំនិញក្នុងហាង (Shoplifters) ដែលលោក កូរិ អ៊ិដា បង្ហាញឈុតឆាកដោយផ្នែកជាសាច់រឿងបន្តពីរឿង ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ (Like Father, Like Son) (សុស្ស៊ិតិ (Soshite) ឈិឈិ និណារុ (Chichi Ni Naru)) បានឆ្លុះបញ្ចាំងបន្ថែមនៅក្នុងសាច់រឿងនេះ។ នៅក្នុងរឿង ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ (Like Father, Like Son) បានឆ្លុះបញ្ចាំងឱ្យយើងដឹងអំពីគ្រួសារពីរដែលមានជីវភាពរស់នៅខុសគ្នាទាំងស្រុង បានបន្តរស់នៅក្នុងខ្សែជីវិតសាមញ្ញរបស់ពួកគេយ៉ាងរីករាយ រហូតទាល់តែមានការហៅទូរសព្ទមួយបានលាតត្រដាងការពិតឱ្យពួកគេដឹងថាមានគិលានុបដ្ឋាយិកាម្នាក់បានច្រឡំផ្លាស់ប្ដូរកូនប្រុសរបស់គ្រួសារទាំងពីរនៅពេលសម្រាល។ ចាប់ពីពេលនោះមក គ្រួសារទាំងពីរនេះបានប្រឈមមុខនឹងជម្រើសដ៏តានតឹងបំផុតដែលពិបាកនឹងសម្រេចចិត្តថាតើពួកគេត្រូវបន្តចិញ្ចឹមបី​បាច់​កូនប្រុសដែលពួកគេបានចាត់ថាជាកូនរបស់ពួកគេតាំងពីពេលសម្រាលរួច ឬត្រូវស្វែងរកកូនដែលជាសាច់ឈាមរបស់ខ្លួន ហើយប្ដូរយកកូនប្រុសបង្កើតនោះត្រលប់មកវិញ។ តើសាច់រឿងនេះប្រែប្រួលទៅជាយ៉ាងណានៅពេលចុងក្រោយមកទៀត? វាគឺជាសំណួរមួយដែលសាច់រឿងនេះបានធ្វើឱ្យយើងក្នុងនាមជាទស្សនិកជន ប្រមើលមើលទុកជាមុននៅក្នុងចិត្តរបស់យើងទាំងយើងកំពុង
ទស្សនារឿងនេះដោយមិនរំលងសូម្បីតែមួយវិនាទីណាក៏ដោយ។

រឿង ចោរលួចទំនិញក្នុងហាង (Shoplifters) ជាថ្មីម្ដងទៀត​ យើងបានទស្សនាសាច់រឿង “គ្រួសារ” មួយដែលមានសមាជិកគ្រួសារមិនមានទំនាក់ទំនងសាច់ឈាមជាមួយគ្នា។ ពួកគេគឺគ្រាន់តែជាមនុស្សធម្មតា ដែលនៅក្នុងស្ថានភាពដ៏ក្រលំបាក បានចាប់ផ្ដើមរស់នៅក្រោមដំបូលតែមួយ។ “ឪពុកម្ដាយ” នៅក្នុងរឿងនេះគឺជាមនុស្សដែលសង្គមមិនរាប់រក និងបានបង្កើតជាគ្រួសារមួយ ដោយយកកូនៗឱ្យគេចផុតពីស្ថានភាពរំលោភបំពាន និងចិញ្ចឹមបីបាច់ពួកគេដោយខ្លួនឯង។ “គ្រួសារ” នេះរស់នៅដោយប្រកបរបរជាអ្នកលួចទំនិញក្នុងហាង ហើយទោះបីជាគុណតម្លៃរបស់ពួកគេចំពោះទ្រព្យសម្បត្តិ ឬលុយកាកស្ថិតនៅក្រៅសំណាញ់ច្បាប់ក៏ដោយ ក៏យើងកត់សម្គាល់ឃើញថាពួកគេរស់នៅយ៉ាងមានសុភមង្គល ប្រកបដោយក្ដីស្រលាញ់ និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមកផងដែរ។ ទោះបីជាចំណងទំនាក់ទំនងរបស់ពួកគេមិនមានអ្វីគ្រប់យ៉ាង ឬដោយសាច់ឈាម ឬ DNA ក្ដី ប៉ុន្តែចំណងទំនាក់ទំនងរបស់ពួកគេគឺរឹងមាំខ្លាំងជាងគ្រួសារដែល “មានអ្វីគ្រប់យ៉ាង” ដែលយើងអាចកោតសរសើរ ប្រសិនបើយើងមើលឃើញតែសម្បកខាងក្រៅទៅទៀត។

នៅក្នុងសង្គមមួយដែលចំណងសាច់ឈាម ត្រូវបានគេជឿជាក់ថាជាមូលដ្ឋានគ្រឹះសម្រាប់គ្រប់គ្រួសារនីមួយៗ លោក កូរិ អ៊ិដា បានជម្នះបន្តលាតត្រដាងដោយបង្ហាញថាមានកត្តាជំនួសជាច្រើនផ្សេងទៀតសម្រាប់គ្រួសារមួយ ហើយកត្តាទាំងនោះគឺមិនចម្លែកឡើយដ៏រាបណាមានក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ហើយធ្វើឱ្យជីវិតរបស់ពួកគេមានភាពល្អប្រសើរឡើង។

សហគមន៍មើលមិនឃើញ៖ ការផ្ដោតអារម្មណ៍លើជីវិតដែលយើងបានដឹងតិចតួចបំផុត

ឈុតឆាកដែលតែងតែមានជានិច្ចនៅក្នុងស្នាដៃភាពយន្តរបស់លោក កូរិ​ អ៊ិដា គឺការលាតត្រដាងឈុតឆាកអំពីសហគមន៍ដែលកម្រនឹងទទួលបានការចាប់អារម្មណ៍ជាទូទៅ។ ភាពក្រីក្រ និងការផ្ដាច់ខ្លួនចេញពីសង្គមដូចនៅក្នុងសាច់រឿង ចោរលួចទំនិញក្នុងហាង (Shoplifters) កំហុសវេជ្ជសាស្រ្ត ដូចមាននៅក្នុងសាច់រឿង ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ (Like Father, Like Son) ការមិនអើពើចំពោះកុមារ ដូចមាននៅក្នុងសាច់រឿង គ្មាននរណាម្នាក់ដឹង (Nobody Knows) និងរឿង ចោរលួចទំនិញក្នុងហាង (Shoplifters) ការលែងលះគ្នា និងការព្រាត់ប្រាសកូនដូចនៅក្នុង រឿង ក្រោយពេលខ្យល់ព្យុះ (After The Storm) (Umi yori mo Mada Fukaku) និងសូម្បីតែការស្រមើលស្រមៃអំពីស្នេហាខុសដូចមាននៅក្នុងសាច់រឿង លង់ស្នេហ៍កូនក្រមុំតុក្កតា (Air Doll) (Kuki Ningyo)។

ទោះបីជាភាពយន្តជាច្រើននៅជប៉ុនបានផលិតទៅតាមរឿងសៀវភៅតុក្កតាម៉ាំងហ្គា ឬសៀវភៅរឿងប្រលោមលោកដែលលក់ដាច់បំផុតក្ដី ប៉ុន្តែលោក កូរិ អ៊ិដា មានឈ្មោះល្បីល្បាញដោយសារតែការស្វែងយល់អំពីតម្រុយសម្រាប់គម្រោងបន្ទាប់របស់លោកនៅព័ត៌មាន និងរឿងពិតនៅក្នុងជីវិតរបស់មនុស្សផ្ទាល់ផងដែរ។ ជាថ្មីម្ដងទៀត យើងបានមើលឃើញខ្សែជីវិតរបស់មនុស្សធម្មតា និងមនុស្សអភ័ព្វទូទៅជាច្រើនដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយយ៉ាងកម្សត់ដែលយើង (និងបណ្ដាយផ្សព្វផ្សាយ) មិនរវល់ជាមួយទាល់តែសោះ។

រឿង គ្មាននរណាម្នាក់ដឹង (Nobody Knows) ដែលជាស្នាដៃដ៏ល្បីល្បាញបំផុតមួយក្នុងចំណោមស្នាដៃជាច្រើនផ្សេងទៀតរបស់លោក កូរិ អ៊ិដា រហូតមកដល់ពេលបច្ចុប្បន្ន និងជាភាពយន្តដែលធ្វើឱ្យលោកទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនៅលើឆាកអន្តរជាតិបន្ទាប់ពីភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅក្នុងកម្មវិធីពានរង្វានខ្សែភាពយន្តឃែនស៍ឆ្នាំ2004 មក ដែលបានឆ្លុះបញ្ចាំងអំពីករណីជីវិតពិតនៃបោះបង់ចោលក្មេងម្នាក់នៅទីក្រុងតូក្យូ។ ជារឿងដែលគេស្គាល់ថា “ជាករណីបោះបង់ចោលកូនក្មេងនៅស៊ូហ្គ៉ាម៉ា” ហេតុការណ៍ជីវិតពិតនេះបានកើតឡើងនៅក្នុងឆ្នាំ1988 ដែលមានស្រ្តីជាម្ដាយម្នាក់បានបោះបង់ចោលកូនរបស់ខ្លួនចំនួនបួននាក់នៅក្នុងអាផាតមិនមួយកន្លែងស្ថិតក្នុងស្រុកស៊ូហ្គ៉ាម៉ា ទីក្រុងតូក្យូ ដែលបានទុកពួកគេចោលឱ្យនៅជាមួយនឹងឧបករណ៍លេងរបស់ពួកគេរយៈពេលចំនួនប្រាំបួនខែ។ ព័ត៌មាននេះត្រូវបានចុះផ្សាយយ៉ាងទូលំទូលាយនៅពេលនោះដោយសារតែករណីនោះគួរឱ្យរន្ធត់ខ្លាំងពេក ប៉ុន្តែអ្វីដែលរឹតតែគួរ​ឱ្យសោកស្ដាយខ្លាំងបំផុតនោះគឺថា ហេតុការណ៍នេះមិនមែនជាហេតុការណ៍តែមួយដែលបានកើតឡើងនោះទេ។ នៅឆ្នាំ2010 សាកសពកូនក្មេងតូចពីរនាក់នោះត្រូវបានរកឃើញនៅក្នុងអាផាតមិនមួយកន្លែងទៀតនៅទីក្រុងអូសាកា បន្ទាប់ពីម្ដាយអាយុ23 ឆ្នាំរបស់ពួកគេ បានបោះបង់ពួកគេចោលដោយគ្មានចំណីអាហារ និងមធ្យោបាយក្នុងការទទួលបានជំនួយអ្វីទាំងអស់។ កូនក្មេងតូចទាំងពីរនាក់នេះបានស្លាប់ដោយសារតែការអត់អាហារ។ នៅឆ្នាំ2017 ប្ដីប្រពន្ធមួយគូអាយុខ្ទង់ជាង20 ណនេះ បានបង្អត់អាហារកូនប្រុសរបស់ខ្លួនរហូតដល់ឃ្លានស្លាប់នៅក្នុងទីក្រុងសៃតាម៉ា។ ហើយរឿងគួរឱ្យសោកស្ដាយបំផុតនោះគឺហេតុការណ៍ដ៏អណោចអធមនេះមានកើតឡើងជាច្រើនករណីឯណោះ។

ការមិនអើពើចំពោះកុមារគឺជាទម្រង់នៃការរំលោភបំពានលើកុមារធ្ងន់ធ្ងរបំផុតកម្រិតទីបីនៅក្នុងប្រទេសជប៉ុន។ គិតត្រឹមឆ្នាំ2017 ការមិនអើពើចំពោះកុមារនៅក្នុងប្រទេសនេះមានចំនួន 26,818 ករណី ដែលករណីនេះមានជាង 1,000 ករណីទៀតគិតចាប់ពីឆ្នាំកន្លងទៅនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយតែករណីមួយចំនួនដែលកុមារបានស្លាប់យ៉ាងវេទនាតែប៉ុណ្ណោះ។ តាមរយៈការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីជនរងគ្រោះ ប៉ុន្តែមិនបានរាយការណ៍អំពីការប្រព្រឹត្តខុសនៅក្នុងសង្គម លោក កូរិ​ អ៊ិដា ទទួលបានជោគជ័យក្នុងការបង្ហាញ ជាពិសេសទៅកាន់ទស្សនិកជនបរទេស អំពីទិដ្ឋភាពមួយនៅក្នុងប្រទេសជប៉ុនដែលគួរឱ្យសោកស្ដាយត្រូវបានបិទបាំងយ៉ាងជិតនៅខាងក្រោយផ្ទាំងក្រណាត់ និងកញ្ចក់ពណ៌ផ្កាឈូក ដែលប្រព័ន្ធផ្សព្វផ្សាយមិនបានចុះផ្សាយ។

នៅក្នុងរឿង ចោរលួចទំនិញក្នុងហាង (Shoplifters) ជាថ្មីម្ដងទៀត យើងបានមើលឃើញនូវការមិនអើពើចំពោះកុមារ ប៉ុន្តែនៅក្នុងទិដ្ឋភាពផ្សេងមួយទៀត ដែលតាមរយៈរឿងនេះយើងមើលឃើញកុមារដែលត្រូវបានបោះបង់ចោល និងត្រូវបានរំលោភបំពាន ត្រូវបានជួយសង្រ្គោះដោយ “ជនល្មើស” ហើយក្រោយមកក្លាយជាអ្នកដែលផ្ដល់គ្រួសារដ៏មានភាពកក់ក្ដៅ និងសុភមង្គលដល់ក្មេងនោះ។ ហើយត្រង់ចំណុចនេះ យើងក៏ប្រឈមនឹងសំណួរមួយទៀតផងដែរ តើអ្វីទៅគឺជាបទល្មើស តើអ្វីទៅគឺជាការផ្ដន្ទាទោស និងតើអ្វីទៅគឺជាអំពើអាក្រក់នៅក្នុងសង្គមរបស់យើង?

នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទស្សនាវដ្ដី ScreenDaily នៅក្នុងឆ្នាំ2018 លោក កូរិ​ អ៊ិដា បានសារភាពថារឿង ចោរលួចទំនិញក្នុងហាង (Shoplifters) គឺបានផលិតឡើងដោយយកតាមសាច់រឿងជីវិតពិតមួយរបស់គ្រួសារដែលបានក្លែងបន្លំប្រាក់សោធន​បន្ទាប់ពីឪពុកម្ដាយចាសជរារបស់ពួកគេបានទទួលមរណភាព ប៉ុន្តែមិនបានរាយការណ៍អំពីករណីមរណភាពនោះឡើយ ហើយនៅតែបន្តទទួលយកប្រាក់សោធនទាំងខុសច្បាប់ ប៉ុន្តែនៅពេលយើងបានស្ដាប់ឮព័ត៌មានអំពីការក្លែងបន្លំនោះ ប្រវត្តិគ្រួសារ ស្ថានភាពដែលបង្ខំពួកគេឱ្យប្រព្រឹត្តបទល្មើស ស្ថានភាពផ្លូវចិត្តដែលពួកគេមាននៅពេលនោះ ក៏ដូចជា កត្តារួមចំណែកផ្សេងទៀត គឺយើងអាចលើកលែងទោសឱ្យពួកគាត់
បាន។

លោក កូរិ អ៊ិដា បានមានប្រសាសន៍ថា “ការបែងចែកចំណាត់ថ្នាក់ មានកាន់តែធំឡើងនៅក្នុងប្រទេសជប៉ុននៅក្នុងរយៈពេលជាងប្រាំឆ្នាំចុងក្រោយនេះ ហើយមានប្រជាជនជាច្រើនដែលមិនបានទទួលសេវាការពារសុវត្ថិភាពដែលពួកគេគួរតែទទួលបាន”។

បទល្មើស និងការផ្ដន្ទាទោស៖ តើយើងបានដឹងអ្វីខ្លះ ឱ្យប្រាកដ អំពីបទល្មើស?

នេះគឺជាសំណួរចុងក្រោយដែលលោក កូរិ អ៊ិដា បានលើកឡើងនៅក្នុងឆ្នាំ2017 តាមរយៈការបញ្ចេញភាពយន្តមួយមានចំណងជើងថា ឃាតកម្មទីបី (The Third Murder) (Sandome no satsujin) ដែលជាភាពយន្តចុងក្រោយទីពីរមុនពេលរឿងចោរលួចទំនិញក្នុងហាង (Shoplifters)។
គម្លាតមួយយ៉ាងច្បាស់លាស់ចេញពីស្នាដៃចុងក្រោយបំផុតរបស់លោក ភាពយន្តនេះផ្ដោតទាំងស្រុងលើភាពសាហាវឃោឃៅ បទល្មើស ទោសប្រហារជីវិត និងចិត្តគំនិតជាមនុស្សជាតិ ដែលទីបំផុតទៅ ជាការទទួលខុសត្រូវលើអ្វីៗទាំងអស់ដែលបានវិនិច្ឆ័យថាខុស ឬត្រូវ។

ភាពយន្តនេះនិយាយអំពីសាច់រឿងរបស់បុរសម្នាក់ ដែលបានសារភាពថាបានប្រព្រឹត្តអំពើឃាតកម្មហិង្សាចំនួនពីរករណី ហើយប្រសិនបើគេរកឃើញថាគាត់ពិតជាបានប្រព្រឹត្តទោសទាំងនោះមែន គាត់នឹងប្រឈមនឹងទោសប្រហារជីវិត។ បទល្មើសនេះគឺជាឃាតកម្មយ៉ាងសាហាវឃោឃៅ មិនអាចពន្យល់បាន និងមិនសមហេតុផល ដែលនគរបាលបានធ្វើការដាច់យប់មិនបានគេងអស់ជាច្រើនយប់ដើម្បីព្យាយាមបំបែកក្ដី។ ទោះជាយ៉ាងណាក៏ដោយ នៅពេលប្រឈមមុខនឹងមេធាវីថ្មីប្រកបដោយមហិច្ឆតា បុរសម្នាក់នេះចាប់ផ្ដើមផ្លាស់ប្ដូរសាច់រឿងរបស់គាត់ ដែលធ្វើឱ្យករណីនោះកាន់តែមានភាពស្មុគស្មាញខ្លាំងឡើង សម្រាប់អ្នកគ្រប់គ្នា (រួមទាំងយើងជាទស្សនិកជនផងដែរ) ក្នុងការស្វែងយល់អំពីបុព្វហេតុធ្វើឱ្យគាត់ប្រព្រឹត្តបទល្មើសថែមទៀត។ នៅពេលដែលឈុតឆាកភាពយន្តរបស់លោក កូរិ អ៊ិដា ចូលកាន់តែស៊ីជម្រៅខ្លាំងឡើង ធ្វើឱ្យយើងមានភាពងឿងឆ្ងល់កាន់តែច្រើនឡើងដែលយើងមិនអាចឆ្លើយបាន ពោលគឺរហូតទាល់តែជិតចប់សាច់រឿង ទើបការពិតត្រូវបានលាតត្រដាង។ តើបុរសនេះមានទោសដោយសារតែបទល្មើសចាស់របស់គាត់មែនទេ? តើអ្វីខ្លះធ្វើសុពលភាពកម្មបញ្ជាក់អំពីការសម្លាប់មនុស្ស? តើអ្វីខ្លះផ្ដល់សុពលកម្មលើការកាត់ទោសប្រហារជីវិត? តើយើងបានដឹងអ្វីខ្លះឱ្យប្រាកដអំពីបទល្មើសនៅពេលវាទំនងជាត្រូវបានបំបែកក្ដីយ៉ាងពេញលេញហើយនោះ? តាមរយៈភាពស្ងៀមស្ងាត់ ការគ្មានសកម្មភាព និងភាពងងឹតឈឹង ភាពយន្តនេះទទួលបានភាពជោគជ័យយ៉ាងល្អឥតខ្ចោះក្នុងការឆ្លុះបញ្ចាំងអំពីអ្វីដែលលោក កូរិ អ៊ិដា ធ្វើបានល្អបំផុត ពោលគឺសំណួរអំពីភាពរូបីយរបស់មនុស្សជាតិនៅលើអេក្រង់។

បញ្ហានានាដែលធ្វើឱ្យមានការប្រព្រឹត្តបទល្មើសក៏មានបង្ហាញនៅក្នុងរឿង ចោរលួចទំនិញក្នុងហាង (Shoplifters) ផងដែរ ប៉ុន្តែវាមានសាច់រឿងខុសពីរឿង ឃាតកម្មទីបី (The Third Murder) រឿងនេះគឺបង្ហាញអត្ថន័យសាច់រឿងបែបត្រង់ងាយយល់ និងបែបវិជ្ជមាន។ នៅក្នុងរឿង ចោរលួចទំនិញក្នុងហាង (Shoplifters) យើងបានឃើញបទល្មើសមួយចំនួន៖ ការមិនអើពើចំពោះកុមារ ការបោះបង់កុមារ និងការលួចទំនិញក្នុងហាង “ការចាប់ពង្រាត់” ក៏ដូចជា កម្លាំងពលកម្មកុមារ ជាដើម ប៉ុន្តែរឿង ចោរលួចទំនិញក្នុងហាង (Shoplifters) ក៏បង្ហាញអំពីសាវតាររបស់បទល្មើសទាំងនោះ ពោលគឺប្រាប់យើងថាព័ត៌មានដែលយើងដឹងពីប្រព័ន្ធផ្សព្វផ្សាយ និងរឿងជាច្រើនដែលយើងអានតាមអ៊ីនធឺណិត មិនដែល បង្ហាញយើងអំពីរូបភាពទាំងមូលនៃរឿងឡើយ។

សារព័ត៌មានបរទេសមួយចំនួនបានពិពណ៌នា “ភាពយន្តជប៉ុនថាមានភាពលេចធ្លោផ្នែកសិក្សាអំពីមនុស្សសាស្រ្ត” (ដោយទស្សនាវដ្ដី Film Comment​ របស់សហរដ្ឋអាមេរិក) និង “ភាពយន្តរបស់
ផលិតករភាពយន្តជប៉ុនរូបនេះ តែងតែបង្កប់នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ” (ដោយសារព័ត៌មាន AFP) កូរិ អ៊ិដា និងស្នាដៃ​សិល្បៈពិតប្រាកដរបស់លោកនៅក្នុងវិស័យផលិតភាពយន្តគឺផ្អែកលើការនិទានរឿង និងសមត្ថភាពក្នុងការបំផុសជាសំណួរដែលធ្វើឱ្យយើងឆ្លុះបញ្ចាំងនូវគំនិតដែលមានស្រាប់នៅក្នុងខ្លួនរបស់យើង។ ប៉ុន្តែទេពកោសល្យរបស់លោក ក៏ផ្អែកលើការពិតដែលលោកស្ទើរតែមិនឆ្លើយទៅនឹងសំណួរទាំងអស់នោះទាល់តែសោះ ហើយជំនួសមកវិញ លោកទុកឱ្យយើងជាអ្នកធ្វើការវិនិច្ឆ័យដោយខ្លួនឯង។ រឿងរបស់លោកគឺនិយាយអំពីការដែលត្រូវទទួលស្គាល់ថាជារឿយៗយើងមិនបានដឹងរឿងគ្រប់យ៉ាង នោះទេ ប៉ុន្តែយើងអាច (និងគួរតែ) បន្តការប្រុងប្រយ័ត្ន
ការក្រើនរំឭក និងផ្ដោតលើហេតុការណ៍ធម្មតា និងហេតុការណ៍មិនអាចប្រៀបធៀបបាន ដែលកំពុងតែកើតឡើងនៅក្នុងជីវិតរបស់យើង និងមជ្ឈដ្ឋាននៅជុំវិញខ្លួនយើង។ ហើយអ្វីដែលយើងអាចនិយាយបានគឺ នេះជាមូលហេតុមួយដែលយើងមិនទាន់បានដឹងអស់អំពីស្នាដៃរបស់លោកផលិតកររូបនេះ ហើយហេតុអ្វីបានជាយើងមិនគួរស្វែងយល់បន្ថែមទៀត។

ដោយ Alexandra Homma

RECOMMEND POSTS

ページトップへ