TOP > ALL > GENERAL > ខ្សែភាពយន្តជប៉ុនទាំង 5 នៅក្នុងឆ្នាំ2018 ដែលអ្នកគ្រប់គ្នាជជែកគ្នាមិនដាច់ពីមាត់៖ ផ្នែកទី I
GENERAL

ខ្សែភាពយន្តជប៉ុនទាំង 5 នៅក្នុងឆ្នាំ2018 ដែលអ្នកគ្រប់គ្នាជជែកគ្នាមិនដាច់ពីមាត់៖ ផ្នែកទី I

សើច យំ​ និងស្វែងយល់អំពីប្រទេសជប៉ុនម្តងទៀតជាមួយនឹងភាពយន្តមួយចំនួនដែលទើប​នឹងចេញនាពេលថ្មីៗនេះ

ជារៀងរាល់ឆ្នាំ យើងបានទស្សនាខ្សែភាពយន្តជាច្រើនដែលតែងតែបណ្ដុះគំនិតរបស់យើង លើកទឹកចិត្តយើង ព្រមទាំងជំរុញទឹកចិត្តយើងឱ្យប្រែក្លាយពិភពស្រមើលស្រម៉ៃទៅជាពិភពពិតជាក់ស្ដែង​មួយផ្សេងទៀត។​ អ្វីដែលរឹតតែអស្ចារ្យជាងនេះទៅទៀតនៅក្នុងឆ្នាំ2018​នេះ វិស័យឧស្សាហកម្ម​ភាពយន្តជប៉ុនក៏បានផលិតភាពយន្តដ៏ល្អអស្ចារ្យបំផុតមួយចំនួន ដែលសម្រេចបានលើសពីភាពជោគជ័យទៅទៀតក្នុងការផ្ដល់នូវភាពសប្បាយរីករាយ ដោយធ្វើឱ្យទស្សនិកជនម្នាក់ៗ ទស្សនាជក់ចិត្តស្លុងអារម្មណ៍ដល់ថ្នាក់មិនចង់ងើបចេញពីកៅអីឡើយ ដោយសារតែមូលហេតុដ៏សាមញ្ញតែមួយគត់ នោះគឺដោយសារតែភាពយន្តនីមួយៗបានជ្រួតជ្រាបអត្ថន័យយ៉ាងស៊ីជ្រៅបំផុតនៅក្នុងអារម្មណ៍របស់យើង ហើយខ្លឹមសារនៅក្នុងសាច់រឿងសុទ្ធតែអាចធ្វើឱ្យយើងគ្រប់គ្នាងាយនឹងមានអារម្មណ៍ចូលតួ។​ ខាងក្រោមនេះគឺជាចំណងជើងខ្សែភាពយន្តទាំងប្រាំដែលបានឆក់យកបេះដូង
ទស្សនិកជនក្នុងឆ្នាំនេះ ដែលបានធ្វើឱ្យទស្សនិកជជែកគ្នាឥតឈប់ឈរ និងគិតដល់ខ្សែជីវិតរបស់យើង ដែលបានធ្លាក់ខ្លួនជាជនរងគ្រោះនៅក្នុងជីវិតនាយុគសម័យទំនើបដ៏មមាញឹកនេះដោយមិនដឹងខ្លួនទាល់តែសោះ។

1. Chihayafuru: ភាគ 3 (ちはやふる-結び-)

គេនិយាយប្រាប់យើងថា “ឱកាស”​ គឺជាទ្វារដែលគ្មានដៃកាន់ ពោលគឺ អ្នកមិនអាចបើកទ្វារនោះដោយខ្លួនឯងបានឡើយ។ ក៏ប៉ុន្តែ នៅពេលដែលមាននរណាម្នាក់បើកទ្វារនោះឲ្យអ្នក អ្នកត្រូវតែនៅទីនោះ នឹងត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ដើម្បីលោតចូលទៅ ហើយត្រូវចេះចាប់យកឱកាសនោះឲ្យបានល្អប្រសើរ មិនថាមានអ្វីកើតឡើងនៅខាងមុខក៏ដោយ។​ ភាគបញ្ចប់នៃសាច់រឿងនេះសម្រួលចេញពីសៀវភៅរឿងកំប្លែងរបស់ Yuki Suetsugu រឿង Chihayafuru ភាគ 3 គឺជាភាគបញ្ចប់ ក៏ដូចជាការផ្តើមសាច់រឿងដែលញ៉ាំងដោយប្រធានបទមួយដែលបង្ហាញអំពីការចាប់យកឱកាសនៅក្នុងជីវិត។ នៅពេលដែលតួឯកល្បីទាំងបីនាក់ Chihaya (Suzu Hirose), Taichi (Shuhei Nomura) និង Arata (Mackenyu Arata) កំពុងតែត្រៀមខ្លួនចាកចេញពីជីវិតវិទ្យាល័យ ពួកគេក៏មានអារម្មណ៍ថាខ្លួនកំពុងតែឈរនៅចំណុចមិនជាក់លាក់មួយ ដោយសារតែមានជម្រើសប្រទាញប្រទង់គ្នា ចម្ងល់ និងអារម្មណ៍មិនដាច់ស្រេច។ ប៉ុន្តែថ្ងៃមួយ ពួកគេក៍បានដឹងថា មនុស្សដ៏រឹងមាំម្នាក់ មិនមែនជាអ្នកដែលតែងតែឈ្នះរហូតនោះទេ ផ្ទុយទៅវិញ គឺជាអ្នកដែលចេះជំរុញអ្នកនៅជុំវិញខ្លួនមានភាពរឹងមាំជាងមុន ដោយចង្អុលប្រាប់អំពីលទ្ធភាពដែលអាចទៅរួច ទោះបីជាត្រូវលះបង់នូវអារម្មណ៍ផ្ទាល់ខ្លួនក៏ដោយ។ សូមទស្សនាដំណើររឿងរបស់ Chihaya, Taichi និង Arata ដែលនាំលោកអ្នកទៅរកភាពស្មុគស្មាញ រហូតដល់ទីបញ្ចប់។

ទស្សនាជាមួយ៖:មិត្តពីកុមារភាពរបស់អ្នក

ឈុតដែលមិនគួររំលង៖មិត្តពីកុមារភាពរបស់អ្នក រាល់ឈុតដែល Chihaya បង្ហាញក្រសែភ្នែកមួយ នៅពេលដែលនាងបោះបៀរ karuta នៅក្តារចុងក្រោយ។

ហេតុអ្វីបានជាណែនាំឲ្យទស្សនាភាពយន្តនេះ?:ជាភាគដែលមានឥទ្ធិពលបំផុតនៃរឿងភាគមួយនេះ ឈុតនេះគឺជាស្នាដៃឯកតែម្តង។ តាមដានរឿងរ៉ាវសេចក្តីស្នេហារវាងតួឯកទាំងបីរបស់យើងដែលនឹងលាតត្រដាងនាពេលចុងក្រោយ។

2. ពិភពដ៏ល្អឥតខ្ចោះ (パーフェクトワールド 君といる奇跡)

ស្នេហាមានច្រើនបែប ច្រើនទម្រង់ ហើយគ្មានស្នេហាមួយណាដែលល្អឥតខ្ចោះឡើយ។ ប៉ុន្តែ ប្រសិនបើក្នុងចំណុចមួយដែលអារម្មណ៍របស់យើងចំពោះនរណាម្នាក់មានភាពបរិសុទ្ធ និងខ្លាំងក្លារហូតដល់ឧបសគ្គនានាគ្រាន់តែជាការរាំងស្ទះតូចៗនៅតាមផ្លូវ នោះមានន័យថាយើងស្ថិតនៅកៀកនឹងភាពឥតខ្ចោះហើយ។​ បុគ្គលិកក្រុមហ៊ុនវ័យ 24 ឆ្នាំ ម្នាក់ ឈ្មោះTsugumi (Hana Sugisaki) បានជួបនឹងសង្សាររៀនវិទ្យាល័យរបស់នាងឈ្មោះ Itsuki (Takanori Iwata)​ ម្តងទៀតដោយចៃដន្យនៅកន្លែងធ្វើការ។ ប៉ុន្តែ រាង្គកាយ និងស្ថានភាពផ្លូវចិត្តរបស់គេ មិនដូចពីមុនឡើយ។ ពេលនេះ គេជិះកៅអីរុញ ហើយត្រូវការជំនួយនៅគ្រប់ពេលផ្លាស់ទីម្តងៗ លើសពីនេះទៅទៀត គាត់បានបោះបង់ចោលស្នេហាហើយ ព្រោះគាត់ជឿថាគាត់នឹងក្លាយទៅជាបន្ទុកក្នុងជីវិតអ្នកដទៃ។ ក៏ប៉ុន្តែ នៅពេលពួកគេទាំងពីរនាក់ចាប់ផ្តើមមានភាពស្និទ្ធស្នាលនឹងគ្នា Tsugumi ក៏ចាប់ផ្តើមក្លាយជាតួអង្គសំខាន់មួយនៅក្នុងជីវិតរបស់គេ រហូតដល់គេយល់ឃើញថា ពិភពដ៏ល្អឥតខ្ចោះមួយអាចនឹងមានកើតមាន។

មនុស្សដែលយើងស្រឡាញ់នឹងមិននៅក្បែរយើងរហូតនោះទេ។ ប្រាំឆ្នាំ ឬដប់ឆ្នាំទៀត ពួកគេអាចនឹងមិននៅទីនេះទៀត ឬអាចនឹងមិនដូចមុន។ ប៉ុន្តែសេចក្តីស្រឡាញ់សំដៅដល់ការកាន់ដៃគ្នាឆ្ពោះទៅមុខមិនថាមានរឿងលំបាកយ៉ាងណាក៏ដោយ។ ភាពយន្តមួយនេះរំឭកយើងអំពីចំណុចនេះតែម្តង។

ទស្សនាជាមួយ៖:មនុស្សជាទីស្រឡាញ់របស់អ្នក។

ឈុតដែលមិនគួររំលង៖នៅពេលដែល Tsugumi ទៅសួរសុខទុក្ខ Itsuki នៅមន្ទីរពេទ្យ ហើយអ្នកទាំងពីរក៏ដឹងថា ពួកគេគឺជាដៃគូដ៏ល្អអស្ចារ្យ។

ហេតុអ្វីបានជាណែនាំឲ្យទស្សនាភាពយន្តនេះ?:ភាពយន្តនេះគឺជាប្រធានបទដ៏លំបាកមួយដែលតួអង្គ Sugisaki និង​ Iwata សម្តែងបានយ៉ាងល្អបំផុត ។ រឿងនេះនឹងធ្វើឲ្យអ្នកទប់ទឹកភ្នែកមិនបាន។

3. រឿង ពីងប៉ុងផ្ដើមស្នេហ៍ (MIX DOUBLES) (ミックス。)

គ្មានអ្នកណាគេដាក់តុពីងប៉ុងនៅតាមផ្ទះទេ។ ហើយក៏គ្មាន​អព្ភូតហេតុអ្វីដែរ។ នេះគឺជាកីឡាធម្មតាដែលគ្មានភាពត្រចះត្រចង់ គ្មានឯកសណ្ឋានស្អាតៗ និងគ្មានភ្លើងបញ្ចាំង
ឡើយ។ ប៉ុន្តែ នេះគឺជាកីឡាដែលបង្រៀនអ្នកនូវរឿងរ៉ាវក្នុងជីវិតមួយចំនួន មានទាំងពេលដែលត្រូវបោះបង់ ពេលដែលត្រូវបន្តឆ្ពោះទៅមុខ និងពេលដែលត្រូវផ្លាស់ប្តូរ។​ អតីតជើងឯកកីឡាពីងប៉ុង Tamako Tomita (Yui Aragaki) ដែលកំពុងខូចចិត្ត នឹងនាំយើងទៅកាន់ដំណើរភ្ញាក់រឭកមួយនៅពេលដែលនាងត្រឡប់ទៅនៅស្រុកកំណើតនៅជនបទក្នុងប្រទេសជប៉ុនវិញ ទាំងសភាពស្រវឹងជោគជាំ និងខឹងក្រោធ បន្ទាប់ពីនាងត្រូវបានតារាលេងពីងប៉ុងល្បីឈ្មោះម្នាក់ដែលជាមិត្តប្រុសមុខក្មេងរបស់នាងបោះបង់ចោលទៅយកស្រីថ្មី។ ដោយប្តេជ្ញាថានឹងយកឈ្នះគេវិញឲ្យបាននោះ នាងក៏បានតាំងចិត្តថានឹងកែប្រែក្លឹបហាត់កីឡាពីងប៉ុងចាស់របស់ម្តាយនាង និងដឹកនាំសិស្សចំនួនពីរបីក្នុងក្លឹបនោះទៅចូលរួមការប្រកួតថ្នាក់ជាតិ ដែលសង្សារចាស់របស់នាងក៏ចូលរួមលេងដែរនោះ។ នៅក្នុងក្រុមរបស់ Tamako មានប្តីប្រពន្ធវ័យកណ្តាលមួយគូ តារាល្បីក្បាលរឹងម្នាក់ដែលមិនចង់ធ្វើជាប្រពន្ធរបស់ដុកទ័រ ក្មេងជំទង់អ្នករៀនសូត្រម្នាក់ អតីតអ្នកប្រដាល់អាជីពម្នាក់ដែលជ្រើសយកការលេងពីងប៉ុងដោយសារតែវិប្បដិសារីចំពោះការបាត់បង់គ្រួសាររបស់គាត់ និងចុងក្រោយគឺ Hisashi Hagiwara (Eita)។ Tamako ចាប់ដៃគូជាមួយ Hagiwara ដែលទីបំផុតក្លាយជាអ្នកលេងសំខាន់ក្នុងជីវិតរបស់នាងផ្ទាល់ និងជួយនាងស្តារមកវិញនូវជំនឿចិត្ត និងសេចក្តីស្រឡាញ់ចំពោះកីឡានេះ។ ជាសាច់រឿងនៃការយកឈ្នះភាពស្មុគស្មាញ និងអសន្តិសុខផ្លូវចិត្ត ភាពយន្តនេះពិតជាចាក់ដោតតែម្តងដែលវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ធូរទ្រូង និង
ញញឹមទាំងមិនដឹងខ្លួន។

ទស្សនាជាមួយ៖:មិត្តណាម្នាក់ដែលកំពុងតែខូចចិត្ត ហើយត្រូវស្តារទំនុកចិត្តរបស់គេមកវិញ។

ឈុតដែលមិនគួររំលង៖នៅពេលដែល Hagiwara ទៅយក Tamako ដើម្បីទៅប្រកួតវគ្គផ្ដាច់ព្រាត់ និងពេលដែលគេប្រឈមមុខជាមួយសង្សារ​ចាស់របស់ Tamako យ៉ាងឡូយបំផុតនៅក្នុងភោជនីយដ្ឋានមួយកន្លែង។

ហេតុអ្វីបានជាណែនាំឲ្យទស្សនាភាពយន្តនេះ?:នេះគឺជាភាពយន្តកីឡាដែលជាប្រភេទរឿងស្នេហារ៉ូមែនទិកបែបកំប្លុកកំប្លែង និងពោរពេញទៅដោយសំណើចលាយ​ទឹកភ្នែកដែលនឹងធ្វើឲ្យទស្សនិកជនពេញចិត្តគ្រប់ៗគ្នា។

4. ការភ្ជាប់ពាក្យរយៈពេល 8ឆ្នាំ (8年越しの花嫁)

តើអ្នកនឹងចំណាយពេលយូរប៉ុណ្ណាក្នុងការទន្ទឹងរង់ចាំស្នេហា? ហើយតើអ្នករឹងប៉ឹង និង
ប្តេជ្ញាចិត្តក្នុងការបន្តទន្ទឹងរង់ចាំដល់កម្រិតណាដែរ នៅពេលដែលគ្រប់យ៉ាងប្រឆាំងនឹងអ្នកយ៉ាងដូច្នោះ? យោងតាមសាច់រឿងពិតមួយរបស់គូស្នេហ៍មួយគូដែលរស់នៅទីក្រុង Okayama ភាគខាងត្បូងនៃប្រទេសជប៉ុន ការដាក់បញ្ចាំងរឿង ការភ្ជាប់ពាក្យរយៈពេល 8ឆ្នាំ បានធ្វើឲ្យប្រជាជនពេញផ្ទៃប្រទេសស្រក់ទឹកភ្នែក ហើយភាពយន្តនេះក៏ក្លាយទៅជារឿងស្នេហាជាទីពេញចិត្តបំផុតនៅប្រទេសជប៉ុននាសម័យទំនើបនេះផងដែរ។ តួឯករបស់យើង ដ៏ស្រស់បំព្រង Mai (Tao Tsuchiya) និងដៃគូដែលខុសគ្នាដូចមេឃ និងដីរបស់នាង បានផ្តើមស្រឡាញ់បន្ទាប់ពីបានជួបគ្នា ហើយក៏ឈានទៅដល់ភ្ជាប់ពាក្យ និងគ្រោងរៀប អាពាហ៍ពិពាហ៍របស់ពួកគេទៀតផង។ ប៉ុន្តែ នៅមុនថ្ងៃពិសេសរបស់ពួកគេត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ Mai ក៏ទទួលរងឥទ្ធិពលពីជំងឺប្រកាច់ដែលដំបូងធ្វើឲ្យនាងកើតជំងឺសរសៃប្រសាទ ​បន្ទាប់មកក៏បាត់បង់ស្មារតី ហើយចុងក្រោយក៏ត្រូវសម្រាកនៅមន្ទីរពេទ្យរហូតដោយគ្មានសញ្ញាថានឹងអាចជាសះស្បើយឡើងវិញតែម្ដង។ មួយឆ្នាំក្រោយមក Mai ក៏បានភ្ញាក់ឡើង ហើយចាប់ផ្តើមធូរស្រាល ប៉ុន្តែនាងបានបាត់បង់ការចងចាំដែលពាក់ព័ន្ធនឹង Hisashi អស់ទៅហើយ។ ទោះបីជាមានការលើកទឹកចិត្តអោយកាត់ចិត្តយ៉ាងណាក៏ដោយ Hisashi នៅតែបន្តសង្ឈឹម បួងសួង និងកក់កន្លែងរៀបអាពាហ៍ពិពាហ៍ដដែលនោះជាងរៀងរាល់ឆ្នាំ។​ រហូតដល់ប្រាំបីឆ្នាំក្រោយមក ក៏មាន​អព្ភូតហេតុមួយកើតឡើង។​ ប្រលោមលោកដ៏កក់ក្តៅដល់ក្រអៅបេះដូង និងធ្វើឲ្យអ្នកទស្សនាពិបាកនឹងទប់ទឹកភ្នែក ភាពយន្តនេះនឹងធ្វើឲ្យអ្នកផ្តើមជឿជាក់លើស្នេហាម្តងទៀត។

ទស្សនាជាមួយ៖:គូស្នេហារបស់អ្នក និងគូស្នេហ៍ផ្សេងទៀតនៅក្នុងការណាត់ជួបរួមគ្នា។

ឈុតដែលមិនគួររំលង៖នោពេលដែល Mai សារភាពស្នេហ៍ទៅកាន់ Hisashi ទាំងដែលនាងមិនចងចាំគេទាល់តែសោះ ប៉ុន្តែទីបញ្ចប់នាងក៏ប្រាប់ទៅគេអំពីអារម្មណ៍ពិតដែលនាងមានចំពោះគេ។ ពិតណាស់ ថាអ្នកទាំងអស់គ្នាប្រាកដជាដឹងក្នុងចិត្តរួចទៅហើយថាតួប្រុសនឹងឆ្លើយតបយ៉ាងណានោះ។

ហេតុអ្វីបានជាណែនាំឲ្យទស្សនាភាពយន្តនេះ?:រោះថារឿងនេះគឺជាការដាស់តឿនមួយដែលថា ចុងបញ្ចប់ដ៏រីករាយនឹងកើតមានឡើង មិនថាមានរឿងអ្វីកើតឡើងក៏ដោយ។ 
ប្រសិនអ្នកគិតថាឈុតឆាកទាំងនេះហាក់ដូចជាល្អឥតខ្ចោះលើសពីការពិតពេកនោះ…​ សូមរំឭកខ្លួនឯងថា នេះគឺជាសាច់រឿងពិត។ ការផ្សំបញ្ចូលគ្នា​ Tsuchiya-Sato ផ្តល់ឲ្យយើងនូវការសម្តែងដ៏មានតម្លៃមួយប្រកបដោយការសាទរយ៉ាងជ្រាលជ្រៅ។

5. នាគយ៉ាឃីនីគុ (YAKINIKU) (焼肉ドラゴン)

នៅលើផ្លូវលំតូចមួយដែលនៅមិនទាន់បានក្រាលកៅស៊ូនៅឡើយ គេឃើញមានផ្ទះមួយចំនួន និងសម្លៀកបំពាក់កំពុងដាក់ហាលថ្ងៃតាមផ្ទះនីមួយៗ ហើយក្នុងនោះ គ្រួសារមួយរស់នៅក្នុងផ្ទះរបស់ខ្លួនយ៉ាងមានមោទនភាពអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែ ផ្ទះនេះមិនមែនជាផ្ទះរបស់ពួកគេនោះឡើយ ក្រុមគ្រួសារនេះបានផ្សារភ្ជាប់ដោយចំណងលើសពីឈាម និងព្រំដែនជាតិទៅទៀត។ នេះគឺ នាគយ៉ាឃីនីគុ ជាហាងសាច់អាំងពេលល្ងាចមួយដែលបើកដំណើរការដោយគ្រួសារត្រកូលគីម ដែលក្នុងនោះមាន លោកប៉ា Ryukichi (Sang-ho Kim) អ្នកម៉ាក់ Young-Soon (Jeong-eun Lee) កូនស្រីរបស់ Ryukichi​ នាង Shizuka (Yoko Maki) និងនាង Rika (Mao Inoue) កូនស្រីរបស់ Young-Soon នាង Mika (Nanami Sakuraba) និងនាង Ryukichi​ និងកូនប្រុសជំទង់របស់ Young-Soon ម្នាក់ទៀតគឺ Tokio (Shinpei Ooe)។ ពួកគេជាជនជាតិកូរ៉េរស់នៅប្រទេសជប៉ុន ហើយខណៈពេលដែលឪពុកម្តាយទាំងពីរត្រូវបានគេនាំមកប្រទេសជប៉ុននៅពេលមានសង្គ្រាម (ហើយមិនអាចត្រឡប់ទៅប្រទេសខ្លួនវិញបាននៅពេលចប់សង្គ្រាម) កូនៗរបស់ពួកគេក៏ទទួលបានការចិញ្ជឹមបីបាច់ដូចប្រជាជនជប៉ុនដូច្នោះដែរ រហូតដល់ពេលដែលមានគេរំឭកថាពួកគេមិនមែនជាជនជាតិជប៉ុនទេ។ នៅក្នុងចំណោមតំណក់ទឹកភ្នែកជាច្រើន មានការឈ្លោះប្រកែក និងស្តីបន្ទោសនៅក្នុងគ្រួសារច្រើនបន្តិចក្តី យើងមើលឃើញពីភាពកក់ក្តៅ ការទទួលយកខ្សែជីវិត ក្តីសង្ឃឹមសម្រាប់អនាគត និងការបន្តវិលត្រឡប់មករកចំណុចដើម ដែលចុងបញ្ចប់ នៅតែជាគ្រួសារតែមួយ។ នេះជាខ្សែភាពយន្តមួយដែលរុករកប្រធានបទរសើបនៃជីវិតរស់នៅបែបជនជាតិភាគតិចក្នុងប្រទេសជប៉ុន ភាពខុសគ្នារវាងការយល់ឃើញរបស់ជនជាតិភាគតិចទៅលើជីវិតពីមួយជំនាន់ទៅមួយជំនាន់ ការខិតខំពុះពាររបស់មនុស្សក្នុងការទទួលយកការបាត់បង់អ្វីមួយ និង​ភាពភ្ញាក់រឭកនៅទីបញ្ចប់ដែលថាផ្ទះគឺជាកន្លែងដែលផ្សារភ្ជាប់បេះដូងរបស់អ្នក ភាពយន្តនេះគឺសម្រាប់អ្នកដែលធ្លាប់មានមន្ទិលសង្ស័យអំពីប្រភព ជាតិសាសន៍ និងខ្លួនឯង។

ទស្សនាជាមួយ៖:មើលម្នាក់ឯង។ ប៉ុន្តែត្រូវទូរសព្ទទៅគ្រួសាររបស់អ្នកបន្ទាប់ពីមើលចប់។

ឈុតដែលមិនគួររំលង៖ភាពសោកសង្រេងនៃការទទួលយកការពិតដែលមិនអាចប្រកួតប្រជែងបានរបស់ Ryukichi និងការថើបដ៏រំជើបរំជួលរបស់ Rika ដែលត្រូវបានហាមឃាត់។

ហេតុអ្វីបានជាណែនាំឲ្យទស្សនាភាពយន្តនេះ?:ភាពយន្តនេះរៀបរាប់អំពីរឿងរ៉ាវនៃប្រភេទគ្រួសារដែលទោះជាដើរតួសំខាន់នៅក្នុងការលូតលាស់នៃសេដ្ឋកិច្ចប្រទេសជប៉ុនក្រោយ
សង្គ្រាមយ៉ាងណាក្តី ក៏ពួកគេមិនដែលទទួលបានការយកចិត្តទុកដាក់ដែលពួកគេគួរទទួលបានឡើយ។ ជាសាច់រឿងមនោសញ្ចេតនា ឆ្លុះបញ្ចាំងនូវខ្សែជីវិតរបស់តួសម្ដែងទាំងនៅក្នុងឈុតឆាកសប្បាយរីករាយ និងទុក្ខសោកហូរទឹកភ្នែក រួមជាមួយនឹងការសម្ដែងរបស់តួសម្ដែងដ៏គួរឱ្យទាក់ទាញបំផុត ដែលលោកអ្នកមិនគួរខកខានឱកាសដ៏ល្អនេះ!។

សម្រាប់កាលបរិច្ឆេទ ទីកន្លែង និងកាលវិភាគបញ្ជាំងនៃមហោស្រពភាពយន្តជប៉ុន 2018 ក្នុងប្រទេសរបស់អ្នក សូមមើលនៅត្រង់នេះ។

អត្ថបទ៖ ក្រុមវិចារណកថាមហោស្រពភាពយន្តជប៉ុន 2018

RECOMMEND POSTS

ページトップへ